ពិតជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់ក្នុងលីគកំពូលអង់គ្លេស Premier League គ្រាដែលក្រុម កញ្ជោងខៀវ Leicester City បានស៊ីម្ចាស់ផ្ទះ Southampton បានដល់ទៅ ៩ទល់នឹង ០ ច្រើនជាងក្រុមការពារ តំណែងជើងឯក Manchester City បានស៊ីក្រុម Watford ត្រឹមតែ ៨-០។

photo of Leicester City
Southampton 0-9 Leicester City

លទ្ធផលនេះ បានជាប់កំណត់ត្រាថ្មីមួយទៀតនៅ PL រដូវកាលឆ្នាំ២០១៩-២០២០ ដែលបានបំបាក់គូប្រកួត មិនឲ្យងើបមុខរួចក្នុងសប្តាហ៍ទី១០ ជើងទី១។

អតីតម្ចាស់ជើងឯក Premier League កាលឆ្នាំ២០១៦ Leicester រកបាន ៥គ្រាប់ក្នុងរយៈពេល ៤៥នាទីដំបូង នៅកីឡដ្ឋាន St. Mary’s Stadium មុនបន្ថែម ៤គ្រាប់សម្រាប់វគ្គទី២ គ្រាដែលកីឡាករខ្សែប្រយុទ្ធសំខាន់ Jamie Vardy ធ្វើបានហែតទ្រីក នាំមុខគេបណ្តោះអាសន្នក្នុងតារាង Top Scorer នៅ PL ឡើងឈរលើ Sergio Aguero និង Tammy Abraham ផងដែរ និងមិត្តរួមក្រុម Maddison ក៏រកបាន ១គ្រាប់ផងដែរនៅនាទី៨៥។

តាមរយៈបំបែកកំណត់ត្រាស៊ីច្រើនគ្រាប់ក្នុងរយៈពេល ២៤ឆ្នាំរបស់ Leicester City បានធ្វើឲ្យក្រុមដែលកំពុង ដឹកនាំ ដោយគ្រូបង្វឹក Brandan Rodgers ឡើងទៅឈរលេខរៀងទី២ ពីលើ Man City និងចាញ់ក្រុមកំពូលតារាង Liverpool មកនៅត្រឹម ៥ពិន្ទុប៉ុណ្ណោះ។

បន្ថែមខាងលើនេះ Leicester City ក៏បានតាមទាន់កំណត់ត្រា Manchester United ដែលបានបំបាក់ Ipswich ក្នុងលទ្ធផល ៩-០ កាលពីឆ្នាំ១៩៩៥ ក្នុង Premier League នេះដូចគ្នា៕