photo of David Beckham
កីឡដ្ឋាន​ របស់​លោក David Beckham

ក្លិបកីឡាបាល់ទាត់ក្នុងក្របខ័ណ្ឌ Major League Soccer របស់លោក David Beckham ដែលស្ថិតនៅរដ្ឋម៉ៃអាមី អាចនឹងជួបបញ្ហារាំងស្ទះថ្មីមួយ ក្រោយពីរបាយការណ៍បរិស្ថានបានបង្ហាញពីកម្រិតនៃមេរោគដ៏មិននឹកស្មានដល់នៅកន្លែងសាងសង់កីឡដ្ឋានដែលត្រូវបានស្នើសុំមួយនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែត Miami Herald។

កាសែតមួយនេះ បានចេញផ្សាយកាលពីថ្ងៃចន្ទថា ក្រុមអ្នកជំនាញបរិស្ថាន បានរកឃើញមេរោគដែលបង្កឡើងដោយសារធាតុគីមី ក្នុងកម្រិតគុណនឹង២ដង ធៀបនឹងចំនួនកំណត់ដែលស្របច្បាប់ ក៏ដូចជាកាកសំណល់ដ៏គ្រោះថ្នាក់នៅផ្ទៃនៃទីលានរបស់កីឡដ្ឋាន Melreese Country Club។ គម្រោងសាងសង់កីឡដ្ឋានក្បែរអាកាសយានដ្ឋានរដ្ឋមៃអាមីមួយនេះ ត្រូវបានសម្រេចឲ្យធ្វើឲ្យជាកីឡដ្ឋានរបស់ក្លិប Inter Miami ជាមួយនឹងគម្រោងថវិកាចំនាយ១ពាន់លានដុល្លារអាមេរិក។

ព័ត៌មាននេះ បានផ្តល់ការព្រួយបារម្ភគួរឲ្យកត់សម្គាល់ ខណៈលោក Emilio Gonzalez អ្នកចាត់ការទូទៅក្នុងទីក្រុង Miami City កាលពីថ្ងៃអង្គារ បានបញ្ជាឲ្យបិទទីលានវាយកូនហ្គោល Melreese ដែលជាទីលានតែមួយស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋ Miami។ កាសែតដដែលបានចេញផ្សាយថា ក្រុមជំនាញផ្នែកបរិស្ថានមកពីក្រុមហ៊ុន EE&G ដែលត្រូវបានជួលដោយរដ្ឋ Miami បានរកឃើញថា គំរូដីដែលត្រូវបានយកទៅពិសោធ មិនត្រឹមតែបានបង្ហាញពីកម្រិតនៃមេរោគប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្ហាញពីភាពកង្វក់ច្រើនជាងចំនួនដែលកំណត់ផងដែរ៕