ក្រុមជម្រើសជាតិយុវជន U19 កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U19 ប្រ៊ុយណេ ដោយលទ្ធផល ៣-០ ក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2020 ពូល G នាយប់ថ្ងៃទី១០ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិ។

សម្រាប់ការប្រកួតបញ្ចប់ពូលនេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ ដោយមានឱកាសគ្រប់គ្រងបាល់ និងស៊ុតជាច្រើន តែធ្វើសម្រេចបានតែ ៣គ្រាប់ ដោយកីឡាករ លឹម ពិសិដ្ឋ, កែវ ឧត្តម និង មិន រតនៈ។ ជ័យជម្នះនេះ បានធ្វើឲ្យកម្ពុជា ឈរលេខរៀងទី២ ក្នុងពូល បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងចាញ់១ រកបាន ៩ពិន្ទុ។

យ៉ាងណាមិញ ការឈរលេខ២ ក្នុងពូល G នេះ ក្រុមគោព្រៃជំទង់កម្ពុជា មិនទាន់អស្ឃឹមនោះទេ ពោលគឺរង់ចាំអ៊ុតក្រុមលេខ ២ នៃពូលផ្សេងៗទៀត ដើម្បីកំណត់ថា តើក្រុមលេខ២ ល្អជាងគេណាខ្លះ នឹងបានឡើងទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២០ នៅប្រទេសអូបេគីស្ថាន?

ចំណែកបេក្ខភាពកក់កៅអីជុំផ្ដាច់ព្រ័ត្រពីពូល G ដែលឈរកំពូលតារាងគឺក្រុម U19 ម៉ាឡេស៊ី ដែលរកបាន ១២ពិន្ទុពេញ ក្រោយបន្ដយកឈ្នះថៃ ១-០ ល្ងាចមិញ៕