photo of Neymar

BBC បានរាយការណ៍កាលពីថ្ងៃអង្គារទី២៧ខែសីហាឆ្នាំ២០១៩ថាមន្ត្រី Barcelona និង Paris St Germain បានជួបគ្នានៅរដ្ឋធានីបារាំងដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចមួយលើការផ្ទេរ Neymar ត្រលប់ទៅ Camp Nou វិញ។

លោក Guillem Balague បាននិយាយថាក្លិបទាំងពីរបានពណ៌នាជំនួបពិភាក្សានោះថា«វិជ្ជមាន» តែ«នៅសល់ការងារជាច្រើនទៀតត្រូវធ្វើ»។

សមាជិកក្រុមប្រឹក្សាភិបាល Barca លោក Javier Bordas បាននិយាយប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថាកិច្ចព្រមព្រៀងខិតជិតដល់ការឯកភាពហើយ តែការចរចាកំពុងបន្តធ្វើ។

Neymar បានចេញពី Barca ទៅ PSG ក្នុងតម្លៃ២២២លានអឺរ៉ូកាលពីឆ្នាំ២០១៧។ ពេលនេះ Barca ដាក់សំណើខ្ចីមួយរដូវកាលសិនដែលពួកគេត្រូវបង់ឱ្យ PSG យ៉ាងហោច៣៥លានអឺរ៉ូសម្រាប់ការខ្ចីនេះ មុនពេលទិញផ្ដាច់នៅឆ្នាំក្រោយក្នុងតម្លៃ១៧០លានអឺរ៉ូ។

photo of Neymar

Barca ទំនងដាក់បញ្ចូលកីឡាករទៅឱ្យ PSG ដើម្បីកាត់បន្ថយចំណាយជាសាច់លុយ។ តាម Fox Sports Asia ដែលដកស្រង់ការចុះផ្សាយរបស់ Le Parisien នៅថ្ងៃព្រហស្បតិ៍ទី២៩ខែសីហាឆ្នាំ២០១៩នេះ Barca បានដាក់ជម្រើស២នាក់ឱ្យ PSG គឺ Ousmane Dembele និង Ivan Rakitic តែកីឡាករខាងដើមមិនចង់ចេញពីអេស្ប៉ាញទេ ស្របពេល Rakitic ត្រៀមខ្លួនរួចជាស្រេចដើម្បីទៅលេងនៅ Ligue 1 លើកិច្ចសន្យា៤ឆ្នាំ ដ្បិតលោក Ernesto Valverde បានប្រាប់ខ្សែបម្រើក្រូអាតរូបនេះថាគេអាចចេញបាន។

សារព័ត៌មានដែលមានមូលដ្ឋាននៅតំបន់កាតាឡូនីញ៉ា (Catalonia) បានរាយការណ៍ថា Neymar ចង់វិលមក Barca ជាជាងទៅចូលរួម Real Madrid ឬ Juventus។ ក្រុមការងាររបស់ Neymar មានសុទិដ្ឋិចំពោះការត្រលប់របស់គេទៅ Camp Nou ជាថ្មី៕