photo of Romelu Lukaku
Romelu Lukaku អតីតខ្សែប្រយុទ្ធ Man.United

ការចាកចេញពីក្លិប Manchester United ដើម្បីចូលរួមជាមួយនឹងក្លិប Inter Milan បានជួយឲ្យ Romelu Lukaku វិលទៅរកទម្រង់លេងល្អប្រសើរឡើងវិញ ហើយខ្សែប្រយុទ្ធរូបនេះ ពិតជារីករាយ និងស្រេកឃ្លាន ខណៈដែលរូបគេឈានដល់ដំណាក់កាលដ៏សំខាន់នៃអាជីពរបស់គេ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Roberto Martinez អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក។

តារាឆ្នើមអន្តរជាតិបែលហ្ស៊ិក Lukaku បានចូលរួមជាមួយនឹងក្លិប Inter កាលពីខែមុន ដើម្បីបញ្ចប់រយៈពេល២ឆ្នាំជាមួយនឹងក្លិប Man United ដែលបានចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែ បានបញ្ចប់វិញដោយរូបគេត្រូវប្រជែងយកកៅអីក្នុងជម្រើសទាំង១១នាក់របស់គេក្នុងក្រុម។ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌទាំង២លើកដំបូង នៅអ៊ីតាលី ហើយលោក Martinez ជឿជាក់ថា ការវិលទៅរកភាពខ្លាំងវិញរបស់ Lukaku ក្នុងក្របខ័ណ្ឌ Serie A អាចជួយឲ្យរូបគេទទួលបានជោគជ័យក្នុងក្រុមជម្រើសជាតិ។

photo of Romelu Lukaku

នៅមុនពេលការប្រកួតជម្រុះ Euro ឆ្នាំ២០២០ នៅលើទឹកដីក្រុមជម្រើសជាតិស្កុតឡេន នៅរាត្រីនេះ លោក Martinez បានប្រាប់អ្នកយកព័ត៌មាន៖ «នេះគឺជាលើកទី១ហើយដែលខ្ញុំបានឃើញរូបគេមានសេរីភាព និងរីករាយ។ បើនិយាយពីការត្រៀមខ្លួនមុនៗ ខ្ញុំមិនធ្លាប់បានឃើញ Romelu មានការផ្តោតអារម្មណ៍ខ្លាំង មានការរីករាយ និងក្លែវក្លាដោយសារតែការប្រជែងថ្មីបែបនេះឡើយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំគិតថា ពេលនេះ រូបគេត្រៀមខ្លួនរួចហើយក្នុងការបើកទំព័រដ៏ធំបំផុតមួយក្នុងអាជីពរបស់គេ ក្រោយពីផ្ទេរទៅកាន់ក្លិប Inter។ រូបគេផ្តោតលើការធ្វើឲ្យបានល្អតាមដែលអាចសម្រាប់ក្រុមជម្រើសជាតិ។ ខ្ញុំពិតជាចាប់អារម្មណ៍ណាស់»៕