ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ប្រកួតជើងទី១ ស្អែកនេះ

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen-Cup) ថ្នាក់ជាតិ នឹងធ្វើការប្រកួតវគ្គ ១៦ក្រុមចុងក្រោយជើងទី១ នាថ្ងៃទី១១ ខែកក្កដាស្អែកនេះ ដែលសុទ្ធសឹងជាគូពិសេសៗ រវាងក្រុមសមាជិកលីគកំពូល និងលីគកំពូល ក៏ដូចជាក្រុមលីគកំពូល ជាមួយក្រុមឡើងមកពីពានរង្វាន់ថ្នាក់ខេត្ត នៃព្រឹត្តិការណ៍ប្រចាំឆ្នាំ លើកទី១២ នេះផងដែរ។
គួរបញ្ជាក់ថា ការប្រកួតពាន Hun Sen Cup-ថ្នាក់ជាតិ វគ្គ១៦ក្រុមចុងក្រោយនេះ នឹងធ្វើការប្រកួត ២ជើង ក្នុងនោះមាន ៤ក្រុមឡើងមកពីពានរង្វាន់ថ្នាក់ខេត្ត រួមមានខេត្តកោះកុង, ខេត្តកំពត, ក្រុមគិរីវង់សុខសែនជ័យ និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ និង១២ក្រុមទៀត គឺជាសមាជិកលីគកំពូលកម្ពុជា ដែលត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា រៀបចំកម្មវិធីចាប់គូប្រកួតកាលពីពេលថ្មីៗ។
សម្រាប់កម្មវិធីប្រកួតជើងទី១ រួមមានក្រុមសូលទីឡូអង្គរ ជួបក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា គឺអង្គរថាយហ្គឺរ, ខេត្តកោះកុង បើកទ្វារកីឡដ្ឋានសលាបាល់ទាត់ជាតិបាទី, វេស្ទើន ជួបក្រុមភ្ញៀវបឹងកេតអែហ្វស៊ី, អគ្គិសនីកម្ពុជា បើកទ្វារកីឡដ្ឋាន EDC ទទួលក្រុមភ្នំពេញក្រោន, ក្រុមណាហ្គាវើល ជួបខេត្តកំពត និងក្រសួងការពារជាតិ ជួបក្រុមអាស៊ីអឺរ៉ុប នៅកីឡដ្ឋានស្ដាតចាស់, ក្រុមប៉ូលិស ជួបក្រុមគិរីវង់សុខសែន នៅពហុកីឡដ្ឋានជាតិ និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ជួបក្រុមវិសាខា នៅកីឡដ្ឋានខេត្តស្វាយរៀង។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីឆ្លងកាត់ការប្រកួតជើងទី១ ក្រុមទទួលបានជ័យជម្នះ នៅមិនទាន់ទទួលបានកៅអីវគ្គ ៨ក្រុមចុងក្រោយនោះទេ គឺត្រូវរង់ចាំការប្រកួតជើងទី២ ផ្លាស់ប្ដូរទឹកដី ដើម្បីកាត់សេចក្ដី ហើយក្រុមមានគ្រាប់បាល់ជ័យជម្នះច្រើនជាងគេ ទើបទទួលបានកៅអីវគ្គបន្ដ ខណៈការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ៕