photo of លីគកំពូលកម្ពុជា
ការប្រកួត លីគកំពូលកម្ពុជា នឹងត្រូវឈប់សម្រាប់រយៈពេល២សប្តាហ៍

ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នឹងត្រូវឈប់សម្រាប់រយៈពេល២សប្តាហ៍ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ និងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ សប្តាហ៍ក្រោយ ហើយការឈប់សម្រាប់នេះ ដើម្បីទុកពេលឲ្យក្រុមខ្លាំងទាំង៤មានណាហ្គាវើល ក្រសួងការពារជាតិ អង្គរថាយហ្គឺរ និងប៉ូលិស ធ្វើការប្រកួតប្រជែងគ្នា ដើម្បីពានរង្វាន់សម្តេច ហ៊ុន លើកទី១២ ឆ្នាំ២០១៨។

ក្រុមខ្លាំងទាំង ៤ខាងលើនេះ នឹងត្រូវធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន នៅចុងសប្តាហ៍នេះ ដោយក្នុងនោះ ក្រុមម្ចាស់ជើងឯករងណាហ្គាវើល ត្រូវជួបក្រុមក្រសួងការពារជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃសៅរ៍ នៅពហុកីឡដ្ឋានជាតិ ហើយក្រុមអង្គរថាយហ្គឺរ ត្រូវជួបក្រុមប៉ូលិស ថ្ងៃអាទិត្យ ល្ងាចម៉ោង ៦:៣០ នៅពហុកីឡដ្ឋានជាតិនេះដែរ។

Hun ​Sen ​Cup​
សំបុត្រចូលរួមទស្សនា Hun ​Sen ​Cup​ មានតម្លៃ ៥,០០០រៀល និង ៣,០០០រៀល

ជាមួយគ្នានេះ ការឈប់សម្រាកនៃការប្រកួតលីកកំពូលកម្ពុជា ចំនួន២សប្តាហ៍នេះ ក៏ដើម្បីទុកពេលឲ្យក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន លោក Felix ដែលជាដៃស្តាំរបស់អ្នកចាត់ការទូទៅ Seisuke Honda បានធ្វើការប្រមូលផ្តុំហ្វឹកហាត់ សម្រាប់ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ផងដែរ ដើម្បីត្រៀមការប្រកួតផ្លូវការក្នុងពានរង្វាន់ AFF Suzuki Cup 2018 ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ខាងមុខនេះ៕