Hun ​Sen ​Cup​
ការប្រកួត Hun ​Sen ​Cup​ ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ព្រឹត្តិការណ៌ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ នឹងធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាចុងសប្ដាហ៍នេះហើយ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើង នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ ។ ចាំមើលតើក្រុមណាខ្លះ នឹងក្លាយជាបេក្ខភាពប្រជែងជើងឯកពានប្រើប្រាស់កីឡាករក្នុងស្រុកនេះ នៅវគ្គផ្ដាច់ព្រ័ត្រ?

សម្រាប់កម្មវិធីប្រកួត គឺធ្វើ ២ថ្ងៃខុសគ្នា ដោយនៅថ្ងៃទី០១ ខែកញ្ញាស្អែកនេះ ក្រុមណាហ្គាវើល នឹងត្រូវជួបក្រុមក្រសួងការពារជាតិ បន្ទាប់មកទើបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួបក្រុមអង្គរថាយហ្គឺរ ០២ ខែកញ្ញា នាវេលាម៉ោង ៦៖៣០នាទីល្ងាចដូចគ្នា នៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ។ ការប្រកួតនេះ ក៏មានលក់សំបុត្រចូលរួមទស្សនាផងដែរ ដោយសំបុត្រមានតម្លៃ ៥,០០០រៀល និង ៣,០០០រៀល ។

Hun ​Sen ​Cup​
សំបុត្រចូលរួមទស្សនា Hun ​Sen ​Cup​ មានតម្លៃ ៥,០០០រៀល និង ៣,០០០រៀល

ចំពោះរូបមន្ដប្រកួតវិញ នឹងធ្វើតែ ១ជើងប៉ុណ្ណោះ ដោយក្រុមឈ្នះ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលក្រុមចាញ់ នឹងទទួលបានចំណាត់ថ្នាក់លេខ៣ ស្ទួន ដោយឆ្លងកាត់ការប្រកួតប្រជែង ដូចសព្វដងឡើយ ពោលគឺប្រកួតកំណត់យកតែក្រុមជើងឯកប៉ុណ្ណោះ ។ យ៉ាងណាមិញតំណាងក្រុមខ្លាំងទាំង ៤ សុទ្ធតែបានអះអាងថា បានត្រៀមខ្លួនហើយជាស្រេច សម្រាប់ការប្រកួតវគ្គសំខាន់នេះ ហើយក៏បានចាត់ទុកជាការប្រកួតដ៏តានតឹងផងដែរ ព្រោះការប្រកួតធ្វើឡើងតែ ១ជើង ៕