កីឡាករសំខាន់ៗនិងល្បីចំនួន១២រូបនឹងអវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup 2018 នៅប្រទេសរុស្សុីខាងមុខនេះ។ ដោយសារតែកីឡាករទាំងនេះ មានបញ្ហារងរបួសក្នុងពេលប្រកួតក្នុងលីកមួយចំនួនដែលកីឡាករទាំងនោះលេង។

1- Alex Oxlade-Chamberlain (អង់គ្លេស)៖ ក្នុងប្រកួត Champions League ជើងទី១ វគ្គពាក់កណ្ដាល Champions League កីឡាកររូបនេះបានរងរបួសជង្គង់។ បើតាមការប្រកាសផ្លូវការរបស់ក្លិប Liverpool បានបញ្ជាក់ច្បាស់ថា កីឡាករនឹងមិនមានវត្តមានលេងក្នុងប្រកួតទៀតទេក្នុងរដូវកាលនេះដោយបញ្ហារបួស។ អតីតខ្សែបម្រើ Arsenal នឹងមិនបានលេងក្នុងវគ្គ UCL ផ្ដាច់ព្រ័ត្រ និង World Cup នៅរុស្ស៊ីឡើយ។

photo of Alex Oxlade-Chamberlain
Alex Oxlade-Chamberlain

2-Jakob Johansson (ស៊ុយអែត)៖ ក្នុងប្រកួតវគ្គ Play-off ជើងទី២ព្រឹត្តិការណ៍ World Cup ពេលប៉ះជាមួយអ៊ីតាលី កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កីឡាកររូបនេះបានរងរបួសជង្គង់និងមិនទាន់សះស្បើយពីរបួសនៅឡើយទេ។

photo of Jakob Johansson
Jakob Johansson

3-Laurent Koscielny (បារាំង)៖ កីឡាករបារាំងរូបនេះបានរងរបួសដាច់សរសៃពួរកែងជើង ក្នុងពេលប្រកួតប៉ះជាមួយ Atletico Madrid ក្នុងជំនួបជើងទី២ Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកន្លងទៅ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កីឡាករនឹងអវត្តមានរយៈពេល៦ខែ។ នេះបានន័យថា ខ្សែការពារបារាំងនឹងមិនបានចូលលេង World Cup ខាងមុខនេះទេ។

photo of Laurent Koscielny
Laurent Koscielny

4-Mathias Corujo (អ៊ុយរុយហ្គាយ)៖ ក្នុងអំឡុងប្រកួតកាលពីដើមខែឧសភាកន្លងទៅ ខ្សែការពារស្លាបរបស់ក្លិបអ៊ុយរុយហ្គាយ Penarol រូបនេះ បានរងរបួសជង្គង់ធ្ងន់ធ្ងររហូតដល់ទៅឈានដល់ការវះកាត់។ រហូតដល់ទៅខែមករា ឆ្នាំ២០១៩ឯណោះទើបជាពីរបួសវិញ ។

photo of Mathias Corujo
Mathias Corujo

5-Youssef Msakni (ទុយណេស៊ី)៖ ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិទុយណេស៊ីរូបនេះ បានរងរបួសជង្គង់ធ្ងន់ធ្ងរ ក្នុងអំឡុងពេលលេងឲ្យក្លិបខ្លួន (ក្លិបកាតា Al Dhail) កាលពីដើមខែមេសាកន្លងទៅ។

photo of Youssef Msakni
Youssef Msakni

6-Zlatan Ibrahimovic (ស៊ុយអែត)៖ ប៉ុន្មានខែចុងក្រោយនេះ កីឡាកររូបនេះបានប្រកាសម្ដងជាពីរដងថា ខ្លួនអាចនឹងត្រឡប់មកជួយក្រុមជម្រើសជាតិខ្លួនវិញ។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះសហព័ន្ធបាល់ទាត់ស៊ុយអែតបានប្រកាសច្បាស់ថា ខ្សែប្រយុទ្ធរូបនេះនឹងអវត្តមាន។ បើគ្មានអីប្រែប្រួលទេនោះអតីតខ្សែប្រយុទ្ធ Manchester United រូបនេះនឹងមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិស៊ុយអែតនោះទេ ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខ។

photo of Zlatan Ibrahimovic
Zlatan Ibrahimovic

7-Lars Stindl (អាល្លឺម៉ង់)៖ បើទោះជាមិនស្ថិតក្នុងចំណោមកីឡាករជួរមុខក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅពេលគ្រូបង្វឹកផ្ដល់ឱកាស ខ្សែប្រយុទ្ធ Stindl បានបង្ហាញទម្រង់បានយ៉ាងល្អក្នុងប្រកួតមិត្តភាពប៉ះអេស្ប៉ាញ និងប្រេស៊ីលកាលពីពេលកន្លងទៅ ហើយត្រូវបានមតិនៅអាល្លឺម៉ង់ជាច្រើនរំពឹង ឈ្មោះរូបគេនៅក្នុងក្រុមជម្រើសជាតិសម្រាប់កម្មវិធី World Cup ខាងមុខ។ យ៉ាងនេះក្ដី ខ្សែប្រយុទ្ធបានរងរបួសកជើងធ្ងន់ធ្ងររហូតឈានដល់ការវះកាត់កាលពីខែមេសាកន្លងទៅ។ ទាល់តែខែសីហាឯណោះទើបកីឡាករអាល្លឺម៉ង់សះស្បើយពីរបួសវិញ។

photo of Lars Stindl
Lars Stindl

8-Karim Benzema (បារាំង)៖ បន្ទាប់ពីបញ្ហាផ្លូវច្បាប់មួយចំនួននៅប្រទេសកំណើតខ្លួន គួបផ្សំនឹងមានការមិនចុះសម្រុងគ្នាជាមួយគ្រូបង្វឹកជម្រើសជាតិ Didier Deschamps ខ្សែប្រយុទ្ធ Real Madrid នឹងមិនមានឈ្មោះលេង World Cup ឡើយ បើសិនជាស្ថានភាពបែបនេះនៅតែបន្ត។

photo of Karim Benzema
Karim Benzema

9-Danilo Pereira (ព័រទុយហ្គាល់)៖ ខ្សែបម្រើការពាររូបនេះ បានលេងក្នុងប្រកួតជាច្រើនឲ្យ Porto ក្នុងរដូវកាលនេះ។ ទោះជាយ៉ាងណា កាលពីដើមខែមេសាកន្លងទៅ កីឡាករបានរងរបួសដាច់សរសៃពួរកែងជើងធ្ងន់ធ្ងរ ហើយនឹងមិនអាចជួយក្រុមជម្រើសជាតិខ្លួននៅ World Cup ខាងមុខឡើយ។

photo of Danilo Pereira
Danilo Pereira

10-Aleksandr Kokorin (រុស្ស៊ី)៖ ខ្សែប្រយុទ្ធបានរងរបួសជង្គង់ស្ដាំធ្ងន់ធ្ងរក្នុងប្រកួត Europa League កាលពីខែមីនាកន្លងទៅ។

photo of Aleksandr Kokorin
Aleksandr Kokorin

11-Zouhair Feddal (ម៉ារ៉ុក)៖ ខ្សែការពារក្លិប Real Betis បានរងរបួសដាច់សរសៃពួរកែងជើង កាលពីប្រកួតប៉ះ Villarreal កាលពីខែកុម្ភៈកន្លងទៅ។ រហូតដល់ទៅដើមខែកក្កដា ទើបកីឡាករអាចសះស្បើយពីរបួសវិញ។

photo of Zouhair Feddal
Zouhair Feddal

12-Dani Alves (ប្រេស៊ីល)៖ កាលពីពេលថ្មីៗនេះ កីឡាករបានរងរបួសជង្គង់ធ្ងន់ធ្ងរ រហូតដល់ឈានដល់ការវះកាត់។ ខ្សែការពារស្លាបត្រូវបានគេរំពឹងថានឹងអវត្តមានក្នុងការប្រកួតក្នុងរយៈពេល ៦ខែទៅមុខទៀត។

photo of Dani Alves
Dani Alves

បន្ថែមពីកីឡាករខាងលើ នៅមានកីឡាករបាល់ទាត់មួយចំនួនទៀតដែលអាចប្រឈមមិនបានលេងក្នុង World Cup ខាងមុខ ដោយបញ្ហារបួស ក្នុងនោះមានដូចជា អ្នកចាំទី Manuel Neuer ខ្សែការពារ Jerome Boateng ខ្សែស្លាប Serge Gnabry ខ្សែបម្រើ Emre Can, ខ្សែបម្រើប្រយុទ្ធ Nani, Santi Carzola និងកីឡាករសំខាន់ៗរបស់ជប៉ុនមួយចំនួនជាដើម៕