កីឡាករ​បរទេស​ចំនួន២​នាក់ ​គឺ​កីឡាករ​ជនជាតិ​កាម៉េរ៉ូន Befolo Mbarga Privat សមាជិក​ក្លិប​បាល់ទាត់​អាស៊ីអឺរ៉ុប និង​កីឡាករ George Bisan សមាជិក​របស់​ក្រុម​ណាហ្គាវើល កំពុង​​តែ​​ឈរ​លើ​គេ​​​នៅ​តំបន់​​​កំពូង​តារាង​អ្នក​រក​គ្រាប់​បាល់​បញ្ជូល​ទី​បាន​ច្រើន​ជាង​គេ ​​បើ​ធៀប​នឹង​កីឡាករ​ដទៃ គឺ​ចំនួន១៦​គ្រាប់​ម្នាក់​ ​គិត​ត្រឹម​ប្រចាំ​សប្ដាហ៍​ទី១៣ នៃ​ពានរង្វាន់​ជម្រើសជើង​ឯកជាតិ (Metfone Cambodian League 2018)។

photo of លីគកំពូលកម្ពុជា
កីឡាករបរទេស២រូប កំពុងឈរកំពូលតារាង អ្នករកគ្រាប់បាល់បានច្រើនជាងគេ

សរុប​គ្រាប់​បាល់​ទាំង​១៦ គ្រាប់​របស់​កីឡាករ Privat បាន​ទាត់​បញ្ជូលទី​ក្រុមវេស្ទើនភ្នំពេញ ៦គ្រាប់ ​បឹងកេត និង​ព្រះខ័នរាជស្វាយរៀង ២គ្រាប់ អង្គរថាយហ្គឺរ, វិសាខា, អគ្គស្នងការដ្ឋាន​នគរបាលជាតិ, ក្រសួងការពារជាតិ, ​សូលទីឡូអង្គរ និង​អគ្គីសនីកម្ពុជា ១គ្រាប់ៗគ្រប់ក្រុម។ ចំណែក​​១៦គ្រាប់​របស់​កីឡាករ George Bisan របស់​វិញ ​​បាន​ទាត់ចូល​ក្រុម​វេស្ទើនភ្នំពេញ ៥គ្រាប់ ហើយ​ទាត់​ចូល​ក្រុម​អគ្គីសនីកម្ពុជា ៤គ្រាប់ (ជើងទី១​ចំនួន​៣គ្រាប់) ទាត់​ចូល​ក្រុម​​ព្រះខ័នរាជស្វាយរៀង, អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​ក្រសួងការពារជាតិ ចំនួន​២គ្រាប់ និង​ទាត់​ចូល​ក្រុម​ភ្នំពេញក្រោន ១គ្រាប់។

photo of Befolo Mbarga Privat
​កីឡាករ Befolo Mbarga Privat សមាជិក​ក្លិប​បាល់ទាត់​អាស៊ីអឺរ៉ុប
photo of George Bisan
និង​កីឡាករ George Bisan សមាជិក​របស់​ក្រុម​ណាហ្គាវើល

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​នេះ ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២ជើង ​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង ​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ ដណ្តើម​ជើង​ឯក​ប្រចាំ​ឆ្នាំ។ ការ​ប្រកួត​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី៣ ​ខែ​មីនា ដល់​ថ្ងៃ​ទី​៣០ ​ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​មាន​សមាជិក​ចំនួន​១២ក្រុម។

តាម​គម្រោង​ ​ក្រោយ​បញ្ចប់​រដូវកាល​ឆ្នាំ​២០១៨នេះ​ទៅ ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ ឬហៅ​ថា ​ស្បែកជើងមាស ព្រម​ទាំង​ថវិកា​លើក​ទឹកចិត្ត​ចំនួន​១.៥០០,០០០៛៕