photo of ហួត គីមហុង
កីឡាករិនី ហួត គីមហុង បានទៅលេងឲ្យក្លិបបាល់ទាត់នារីមួយនៅអាមេរិក២ឆ្នាំ

កីឡាការិនីកម្ពុជា ហួត គីមហុង បានឲ្យដឹងថា នាងត្រូវបានក្រុមនារីបាល់ទាត់នារី Rochester Lady Lancers ក្នុងក្របខណ្ឌ Women’s Soccer League ដែលជាលីគលំដាប់ទី២ទាក់ទងទៅលេងលើកិច្ចសន្យា២ឆ្នាំ។

ស្រីស្អាតពីខេត្តបាត់ដំបង បង្ហើបថា ការទទួលបានឱកាសដ៏ពិសេសនេះដោយមានការចង្អុរបង្ហាញពីឪពុកម្ដាយកូនសិស្សរបស់នាងនៅភ្នំពេញក្រោន កាលពី៦ខែមុន។

គីមហុងបានរៀបរាប់ឲ្យដឹងថា ៖ “ដំបូងឡើយ មានគ្រួសារបរទេសមួយបញ្ជូនកូនគាត់មកហាត់បាល់នៅភ្នំពេញក្រោន ហើយគាត់ឃើញខ្ញុំលេងបាល់ល្អក៏ចាប់អារម្មណ៍ ហើយសួរខ្ញុំមានចំណាប់អារម្មណ៍ទៅរៀននៅប្រទេសគេអត់ ហើយគាត់ក៏ណែនាំខ្ញុំទៅសាលាមួយ។ គេក៏ទាក់ទងមក ហើយខ្ញុំក៏ធ្វើតេស្ដភាសាអង់គ្លេសទៅជាប់ ហើយជាប់អាហារូបករណ៍នៅសាលាហ្នុង។ គេចង់ឲ្យខ្ញុំលេង៤ឆ្នាំ តែខ្ញុំចង់សាក២ឆ្នាំសិន បើល្អបាននៅតទៀត”។

photo of ហួត គីមហុង
កីឡាករិនី ហួត គីមហុង បានទៅលេងឲ្យក្លិបបាល់ទាត់នារីមួយនៅអាមេរិក២ឆ្នាំ

ហួត គីមហុង ដែលជាកីឡាការិនីផង និង ជាគ្រូបង្វឹកកម្រិតយុវជនមួយរូបនៅភ្នំពេញក្រោន ធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៤ឆ្នាំ, ១៦ឆ្នាំ, ១៨ឆ្នាំ និង ជាប្រធានក្រុមជម្រើសជាតិនារីកម្ពុជា។

ក្រៅពីលេងបាល់ទាត់ កីឡាការិនីវ័យ២១ឆ្នាំ ក៏ទទួលបានអាហារូបករណ៍សិក្សាពីកីឡានៅសាកលវិទ្យាល័យ Bryant & Stratton College នៅក្រុង Syracuse រដ្ឋ New York សហរដ្ឋអាមេរិក ផងដែរ។
គីមហុង នឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃអាទិត្យ ទី១៩ ខែសីហា វេលាម៉ោង១០យប់៕

ប្រភព៖ Keila Daily