កីឡាករ២រូបធ្វើឲ្យមានការចាប់អារម្មណ៍កើតឡើងក្នុងពិភពបាល់ទាត់កម្ពុជាថ្មីៗនេះ
ក្នុងខែកក្កដា ឆ្នាំ២០១៨នេះមានករណីពីរ បានកើតមានឡើងក្នុងពិភពកីឡាបាល់ទាត់កម្ពុជាគឺកីឡាករ គួច សុកុម្ភៈ និងកីឡាករ ច្រឹង ពលរដ្ឋ។

១-គួច សុកុម្ភៈ ៖ កាលពីដើមខែកក្កដា ខ្សែបម្រើកណ្ដាលរបស់ក្លឹបណាហ្គាវើល និងអតីតប្រធានក្រុមជម្រើសជាតិកម្ពុជារូបនេះ បានទម្លាយពីរឿងស្បែកជើងរបស់ខ្លួនប៉ាក់ពាក្យថា «U Can Speak»។ ពាក្យនេះក្នុងន័យសំដៅបន់ស្រន់សុំឲ្យកូនប្រុស ដែលមានជំងឺលូតលាស់សតិបញ្ញាយឺត អាចនិយាយបានដូចក្មេងដទៃ។ តាមពិតទៅ គួច សុកុម្ភៈ មិនចង់ទម្លាយអ្នកដទៃដឹងឡើយ ប៉ុន្តែនៅពេលមហាជនដឹងក៏នាំគ្នាជូនពរ និងលើកទឹកចិត្តដល់ គូច សុកុម្ភៈគ្រប់គ្នា។

២-ច្រឹង ពលរដ្ឋ ៖ កាលពីពេលថ្មីនេះអតីតខ្សែបម្រើកណ្ដាលជម្រើសជាតិកម្ពុជារូបនេះត្រូវបានលោក ទេព ឡុងរចនា អ្នកចាត់ការរបស់ក្លឹបក្រសួងការពារចេញមុខអះអាងថា ច្រឹង ពលរដ្ឋ មិនបានមកក្លឹបហ្វឹកហាត់ជាច្រើនខែតាំងពីត្រឡប់ជួយជម្រើសជាតិដើមឆ្នាំ២០១៨។ ដោយសារតែ ពលរដ្ឋ ជាកីឡាករល្បី និងមានប្រជាប្រិយភាពខ្លាំងទើបទទួលមានការចាប់អារម្មណ៍លើរូបគេដែលមិនបានបង្ហាញខ្លួនជាមួយក្រុមច្រើនដែរ។ ទោះជាយ៉ាងណា ច្រឹង ពលរដ្ឋ ត្រឡប់ទៅទីលានហ្វឹកហាត់វិញកាលពីថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ទាំងអាការៈរបួសជើងមិនទាន់ធូរស្បើយនៅឡើយ៕
