កីឡាករមួយចំនួននៅ Man United រកឃើញជំងឺកូវីដ អាចប៉ះពាល់ដល់ការប្រកួត
ក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងរងការរីករាលដាលដោយជំងឺកូវីដក្នុងជួរកីឡាកររបស់ពួកគេ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការប្រកួតពេលខាងមុខ។

កីឡាករនិងសមាជិកបុគ្គលិកមួយចំនួនត្រូវបានគេដឹងថា បានវិជ្ជមានជំងឺកូវីដ ក្រោយពីធ្វើការតេស្ដ។ ដំណឹងនេះបានលេចចេញឡើងមួយថ្ងៃ បន្ទាប់ពីខ្សែការពារ Victor Lindelof បានផ្លាស់ប្ដូរចេញក្នុងជំនួបជាមួយ Norwich ដោយសារបញ្ហាដកដង្ហើម។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា Lindelof មានជំងឺកូវីដឬយ៉ាងណាទេ។
ក្រុមបិសាចក្រហមបានជូនដំណឹងនេះទៅកាន់ Premier League ហើយវាមានន័យថា ការប្រកួតរបស់ពួកគេនៅពាក់កណ្ដាលសប្ដាហ៍នេះជាមួយ Brentford អាចនឹងលើកពេល។ សម្រាប់អ្នកដែលរកឃើញវិជ្ជមានត្រូវបានបញ្ជូនទៅផ្ទះ មុនពេលហ្វឹកហាត់កាលពីថ្ងៃអាទិត្យ។
គួរឲ្យដឹងថា Spurs គឺជាក្រុមដំបូងដែលត្រូវរាតត្បាតដោយជំងឺកូវីដក្នុងរដូវកាលនេះ។ ពួកគេត្រូវបានផ្អាកការប្រកួតនៅ UEFA Conference League ជាមួយ Rennes កាលពីសប្ដាហ៍មុន និង Brighton កាលពីចុងសប្ដាហ៍៕