កីឡាករនិងបុគ្គលិកក្លឹប Leicester ចូលរួមគោរពវិញ្ញាណក្ខន្ធម្ចាស់ក្លឹបនៅបាងកក

កីឡាករនិងបុគ្គលិករបស់ក្លឹប Leicester City ទាំងអស់ បានធ្វើដំណើរមកដល់ទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃអាទិត្យម្សិលមិញ។ ការធ្វើដំណើរមកប្រទេសថៃ ដើម្បីចូលរួមបុណ្យសពលោក Vichai Srivaddhanaprabha ជាម្ចាស់ក្លឹប ទើបទទួលមរណភាពកាលពីសប្ដាហ៍មុនក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។
Jamie Vardy និងប្រធានក្រុម Wes Morgan រួមទាំងមិត្តរួមក្រុមជាច្រើននាក់ផ្សេងទៀតបានទៅចូលរួមកម្មវិធីបុណ្យលោក Vichai ដែលរៀបចំក្នុងវត្តមួយកន្លែងក្នុងទីក្រុងបាងកក។ កីឡាកររបស់ Leicester City ទៅដល់ថៃ បន្ទាប់ពីយកឈ្នះ Cardiff City ១-០ នៅ Premier League កាលពីថ្ងៃសោរ៍។

លោកVichaiជាមហាសេដ្ឋីជនជាតិថៃមានអាយុ៦០ឆ្នាំ ហើយក៏ជាម្ចាស់ក្លឹបLeicester Cityផងនោះ ជាមួយនឹងមនុស្សបួននាក់ទៀត បានស្លាប់ភ្លាមៗក្រោយឧទ្ធម្ភាគចក្ររបស់លោកធ្លាក់ បន្ទាប់ពីហោះចេញពីកីឡាដ្ឋានLeicesterក្រោយចប់ការប្រកួត។ ហេតុការណ៍នេះបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពុំទាន់មានការបញ្ជាក់ពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនៅឡើយទេ។ ក្រុមកីឡាករនិងបុគ្គលិកក្លឹបដែលចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ បានបង្ហាញការសោកស្ដាយនិងក្ដុកក្ដួលបំផុត៕

