កីឡាករ PSG ចំនួន ៤នាក់បានឆ្លងកូវីដ ក្នុងនោះមាន Messi ផងដែរ
ខ្សែប្រយុទ្ធ Lionel Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៤នាក់របស់ក្លឹប Paris St-Germain ដែលបានតេស្ដវិជ្ជមានជំងឺកូវីដ-១៩។

Messi រួមទាំងមិត្តរួមក្រុម៣នាក់ទៀតដូចជា Juan Bernat, Nathan Bitumazala និង Sergio Rico ត្រូវបានបញ្ជាក់ថាមានជំងឺកូវីដមួយថ្ងៃ មុនពេល PSG ត្រៀមលេងជាមួយ ក្រុមមកពីលីគទី៤ គឺ Vannes ក្នុងពានរង្វាន់ France Cup។
អ្នកចាត់ការរបស់ក្លឹប PSG លោក Mauricio Pochettino បាននិយាយថា Messi ពេលនេះកំពុងនៅប្រទេសអាហ្សង់ទីន ដែលជាកន្លែងគេចំណាយពេលសម្រាក និងមិនអាចធ្វើដំណើរបានឡើយរហូតដល់តេស្ដអវិជ្ជមាន។ លោក Pochettino ក៏មិនអាចបញ្ជាក់ថា តើពេលណា Messi អាចត្រឡប់មកវិញបានដែរ។
សម្រាប់ដើមឆ្នាំ២០២២ ប្រកួតក្នុងលីគដំបូងរបស់ PSG ត្រូវលេងជាមួយនឹង Lyon នៅថ្ងៃទី ៩ ខែ មករា។ ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានក្នុងប្រកួតនេះ ដោយសារតែកំពុងព្យាបាលរបួសកជើងនៅប្រទេសប្រេស៊ីល៕