ខ្សែការពារកណ្ដាលក្លិប PSG កីឡាករ Presnel Kimpembe បារម្ភថាវត្ដមានរបស់កីឡាករ Sergio Ramos ដែលជាកីឡាករមានបទពិសោធន៍ច្រើន និងកម្រិតខ្ពស់ជាង នឹងមកជំនួសតំណែងរបស់ខ្លួនក្នុងក្រុម បើទោះបីខ្លួនជាកីឡាករសំខាន់មួយរូបកាលពីរដូវកាលមុនក៏ដោយ។

Presnel Kimpembe
Presnel Kimpembe

ជាការពិតណាស់ រដូវកាល ២០២០/២០២១ Kimpembe ជាកីឡាករដែលតែងតែមានឳកាសបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ គ្រប់ការប្រកួតទាំងអស់ លើកលែងតែ ៣ប្រកួតប៉ុណ្ណោះ។ ហើយបើទោះបីជា កីឡាករសញ្ជាតិបារាំងរូបនេះបានបន្ដកុងត្រារហូតដល់ឆ្នាំ ២០២៤ក៏ដោយ ក៏រូបគេប្រហែលជាកំពុងពិចារណាវេចបង្វិចចាកចេញពីក្លិបនារដូវក្ដៅនេះ ព្រោះមិនចង់អង្គុយកៅអីបម្រុងទេ។

យ៉ាងណាមិញ យោងតាមសារព័ត៌មាន L’Equipe បានឲ្យដឹងថា ក្រុមតោខៀវ Chelsea មានបំណងផ្ដល់ជូននូវតំណែងដែល Kimpembe ចង់បាន ស្របពេលលោកគ្រូបង្វឹក Thomas Tuchel ដែលធ្លាប់ជាអតីតគ្រូកាលនៅដឹកនាំ PSG បានដឹងពីសក្ដានុពលរបស់កីឡាកររូបនេះ ហើយលោកនឹងមានកន្លែងសម្រាប់គេនៅ Stamford Bridge ៕