កីឡាករ Ronald Araujo ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ បន្ទាប់ពីដេកដួលលើទីលាន
ខ្សែការពាររបស់ Barcelona កីឡាករ Ronald Araujo ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ បន្ទាប់ពីដេកដួលលើទីលានក្នុងការប្រកួតទល់នឹង Celta Vigo ក្នុងក្របខណ្ឌ La Liga។

កីឡាករវ័យ២៣ឆ្នាំបានទទួលរងរបួសដោយសារតែប៉ះទង្គិចក្បាលគ្នាជាមួយមិត្តរួមក្រុម Gavi អំឡុងពេល Barca កំពុងនាំមុខ Celta Vigo ៣-១ ក្នុងកីឡដ្ឋាន Nou Camp។ Araujo ត្រូវបានសង្គ្រោះជាច្រើននាទីលើទីលាន មុនពេលបញ្ជូនឡើងឡានពេទ្យចេញទៅក្រៅ។
ចុងបញ្ចប់នៃការប្រកួត Barcelona បានយកឈ្នះ Celta Vigo ៣-១។ ៣គ្រាប់របស់ក្រុមលោក Xavi ធ្វើបានដោយខ្សែប្រយុទ្ធ Memphis Depay និង Pierre-Emerick Aubameyang ២គ្រាប់ម្នាក់ឯង។ ក្រោយបញ្ចប់ការប្រកួត Xavi បានប្រាប់ពីអាការៈរបស់ Araujo ថា គេបានដឹងខ្លួន ហើយត្រូវចំណាយពេលមួយយប់នៅមន្ទីរពេទ្យ ប៉ុន្តែគេបានគេចផុតពីគ្រោះថ្នាក់ហើយ៕