កីឡាករ Tom Davies ប្រជែងដណ្ដើមយកឱកាសចូលលេងក្នុងជម្រើស ១១នាក់ដំបូង

កីឡាករខ្សែបម្រើរបស់ក្លឹប Everton គឺកីឡាករ Tom Davies បាននិយាយថាគេរីករាយនឹងស្ថានភាពប្រកួតប្រជែងដណ្ដើមឱកាសចូលក្នុងជម្រើស ១១នាក់ដំបូង និងរីករាយនឹងលេងក្រោមការដឹកនាំរបស់អ្នកចាត់ការ Marco Silva។
ក្លឹប Everton បានទិញកីឡាករ Richarlison និង Bernard ក្នុងអំឡុងពេលដោះដូរកីឡាករ និងបានខ្ចីកីឡាករ Andre Gomes ពីក្លឹប Barcelona ផងដែរ។ Davies ដឹងថាគេពិបាកនឹងប្រជែងឱកាសចូលលេងក្នុងជម្រើស ១១នាក់ដំបូងជាមួយកីឡាករឆ្នើមៗទាំងនោះ ប៉ុន្តែគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រជែងយកឱកាសនោះឲ្យបាន។

Davies បានប្រាប់សារព័ត៌មាន evertontv ថា៖ “មានស្ថានភាពមួយដែលប្រកួតប្រជែងខ្លាំង ដូចនេះសម្រាប់ខ្ញុំ ពេលដែលខ្ញុំមានឱកាស ខ្ញុំនឹងចាប់ឲ្យជាប់។ របៀបលេងរបស់អ្នកចាត់ការក្លឹបត្រូវនឹងទម្រង់លេងរបស់ខ្ញុំ ហើយរបៀបដែលគាត់ចង់ឲ្យខ្ញុំលេង ក៏ជារបៀបដែលខ្ញុំចូលចិត្តដែរ។ នោះជារបៀបលេងដែលរហ័ស គាត់ចង់ឲ្យខ្ញុំលេងសម្រុកទៅមុខ ជាខ្សែបម្រើដែលលឿន នោះជាទម្រង់លេងដែលខ្ញុំចូលចិត្ត”។
“នេះគឺជាឱកាសដែលខ្ញុំទន្ទឹងរង់ចាំនៅក្នុងឆ្នាំនេះ ខ្ញុំចង់អភិវឌ្ឍខ្លួនឯងទៅជាកីឡាករខ្សែបម្រើប្រភេទនោះ។ ឆ្នាំនេះខ្ញុំនឹងរីកចម្រើនម្ដងទៀត ហើយដោយមានវត្តមានលោក Marco Silva ធ្វើជាអ្នកចាត់ការ ខ្ញុំគិតថាខ្ញុំអាចធ្វើបាន”៕