កីឡាការិនីបាល់ទាត់ខ្មែរ-អូស្រ្ដាលី មកកម្ពុជាដើម្បីជួយក្រុមជម្រើសជាតិនារីកម្ពុជា

កីឡាការិនីបាល់ទាត់កូនកាត់ខ្មែរ-អូស្រ្ដាលី កញ្ញា ស្រាន់ដ្រា ហ៊ីល (Sandra Hill) ដែលកំពុងលេងឲ្យក្រុមបាល់ទាត់កម្រិតសាកលវិទ្យាល័យមួយ នៃសហរដ្ឋអាមេរិក បានធ្វើដំណើរមកកម្ពុជាហើយ ដើម្បីជួយដល់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមចូលរួមប្រកួតបាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកក្កដាខាងមុខ។
កីឡាការិនីមានម្ដាយជាជនជាតិខ្មែរឪពុកអូស្ត្រាលី និង កើតនៅកម្ពុជា និយាយថា ដើមចមចូលរួមជួយក្រុមទឹកដីកំណើតនេះដោយសារតែចង់ចែករំលែកបទពិសោធដល់មិត្តរួមជាតិឲ្យកាន់តែមានភាពល្អប្រសើរជាងមុន។
ស្រីស្អាតវ័យ២០ឆ្នាំឲ្យដឹងបែបនេះ ៖ “ខ្ញុំសម្រេចចិត្តយកមកជួយកម្ពុជា ព្រោះចង់ឲ្យពួកគេពូកែលេងបាល់ទាត់ដែរ។ នៅអាមេរិក អ្នកលេងគេលេងបានលឿនៗ បើនៅអាស៊ីយើងដូចយឺតៗ អ៊ីចឹង ខ្ញុំចង់ឲ្យកីឡាការិនីខ្មែរយើង។ ខ្ញុំពិតជាសប្បាយចិត្តដែលបានមកជួយប្រទេសកំណើត ព្រោះខ្ញុំកើតនៅទីនេះ”។

សូមបញ្ជាក់ថា Sandra Hill គឺជាកូនស្រីរបស់លោកស្រី Houn Monika ដែលមានស្វាមីជាជនជាតិអូស្រ្ដាលី ខណៈលោកស្រី គឺជាអតីតកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជា កាលពីទស្សវត្តន៍ទី៩០ ត្រូវជាប្អូនស្រីបង្កើតរបស់លោកស្រី ប្រាក់ សម្ផស្ស ពិធីការិនីកីឡាដ៏ល្បីរបស់កម្ពុជាទៀតផង ដូច្នេះកីឡាការិនីវ័យក្មេងរូបនេះក៏ត្រូវជាក្មួយស្រីរបស់លោក ប្រាក់ សុវណ្ណារ៉ា (គ្រូបង្វឹកក្រុមជម្រើសជាតិ) និងលោក ប្រាក់ វុទ្ធី គ្រូបង្គោលក្រុមអគ្គិសនីកម្ពុជា ៕
