photo of​ FIFA World Cup
សុខ មករា និង សេងគា សុខហេង នឹងបំពេញតួនាទីជាទូតវ័យក្មេងក្នុងព្រឹត្តិការណ៍​ FIFA World Cup នៅរុស្សី

កុមារាកម្ពុជា ២រូបគឺ សុខ មករា និង សេងគា សុខហេង កំពុងស្ថិតនៅប្រទេសរុស្សីដើម្បីចូលរួមកម្មវិធី Football for Friendship 2018 ក៏ដូចជានឹងចូលរួមទស្សនាពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Russia 2018 នៅទីក្រុងមូស្គូផងដែរ ។ សូមបញ្ជាក់ថា កុមារទាំង ២នេះនឹងបំពេញតួនាទីជាទូតវ័យក្មេងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងគោលដៅកសាងចំណងមិត្តភាពរវាងកុមារលើពិភពលោក និងសន្តិភាព តាមរយៈការលេងបាល់ទាត់ដ៏ស្វាហាប់ និងស្រស់បំព្រង ។

មករា និង​ សុខ​ហេង ស្ថិតក្នុង​ចំណោម​កុមារ និង​យុវជន​ប្រមាណ​១៥០០​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​ចូលរួម​ក្នុង​កម្មវិធី Gazprom International Children’s Social Football for Friendship ក្រោម​រៀបចំ​របស់​ក្រុមហ៊ុន PJSC Gazprom ដោយមាន​កិច្ចសហការ​ពី​សហព័ន្ធ​កីឡា​បាល់​អន្តរជាតិ អង្គការសហប្រជាជាតិ និង​សហព័ន្ធ​កីឡាបាល់ទាត់​ថ្នាក់ជាតិ​នីមួយៗ ។

សុខ មករា ត្រូវបាន​ជ្រើសរើស​ជា​តំណាង​អ្នកកាសែត​វ័យក្មេង (Young Journalist) ដែល​ត្រូវ​ទស្សនា​សកម្មភាព​ផ្សេងៗ​នៅ International Children’s Press Center រីឯ សេង​គា សុខ​ហេង ជា​កីឡាករ​វ័យក្មេង (Young Footballer) ដែល​ត្រូវ​ចូលរួម​ជាមួយ​កុមារ​ដទៃទៀត​ក្នុង​កម្មវិធី​បោះជំរុំ International Friendship Camp ជាដើម​។​

Football for Friendship 2018
Football for Friendship 2018
Football for Friendship 2018
Football for Friendship 2018

គួរបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍បាល់ទាត់ដ៏ធំសម្បើម FIFA World Cup នឹងត្រូវប្រារព្ធធ្វើជាផ្លូវការនៅពហុកីឡដ្ឋាន Luzhniki ដែលមានមូលដ្ឋាននៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្សី ខណៈដែលក្រុមម្ចាស់ផ្ទះរុស្សុី នឹងត្រូវបើកឆាកដោយជួបក្រុមអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ។ សម្រាប់ការប្រកួត FIFA World Cup លើកទី២១ នេះមាន ៣២ក្រុមចូលរួម និងត្រូវបែកចែងជា​ ៨ពូល ។ សម្រាប់ការប្រកួតវគ្គជម្រុះពូលនឹងដំណើរការទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨  ៕