លោក ផុន សិរីវឌ្ឍនៈ ជំនួយការរៀបចំ​ការប្រកួតបាល់ទាត់ KMH (KMH Champions League & KMH Academy U18) ប្រាប់ថា កម្មវិធីពិសេសយ៉ាងច្រើននឹងធ្វើឡើង​នៅរសៀលថ្ងៃសៅរ៍ ទី២១ កក្កដា ដែលជាថ្ងៃផ្ដាច់ព្រ័ត្រ​ KMH Champions League រដូវកាល២០១៧/២០១៨។

ជំនួយការដដែល​ បញ្ជាក់ថា​ ចំណីចក្ខុយ៉ាងសម្បើមនេះមាន​ដូចជាការប្រកួតមិត្តភាពរវាងក្រុម ISI Group United និង ក្រុម Pekmi FC, ចម្រៀង, សៀករហ័សកម្ម និង ល្បែង​កម្សាន្ដយករង្វាន់ផងដែរ។

លោក វឌ្ឍនៈ សង្កត់ធ្ងន់ថា កម្មវិធីពិសេសៗនេះរៀបចំឡើងដើម្បីបង្កបរិយាកាសរីករាយក្នុងវគ្គផ្ដាច់ព្រ័ត្រដ៏កក្រើក។ ដូច្នេះ លោកសង្ឃឹមថា នឹងមាន​អ្នកចូលទស្សនាយ៉ាងច្រើនកុះករក្នុងវគ្គដណ្ដើមជើងឯក​នេះ​។

គួរបញ្ជាក់ថា អាណាចក្របៃតង នឹងជួបជាមួយពិស្ណុការដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅវេលាម៉ោង៤ល្ងាច ខណៈ Down Town Sport ពើបប្រទះគ្នាជាមួយគ្រួសារប៊ីចេង ស្វែងរកជើងឯក KMH Champions League នៅម៉ោង៦ល្ងាច។

សម្រាប់កម្មវិធីទាំងស្រុងនឹងចាប់ផ្ដើមពីម៉ោង​២រសៀលតទៅ ផ្ដើមដោយជំនួប ISI Group United និង Perkmi FC រហូតដល់​ម៉ោង៩យប់៕