photo of ក្រុមជម្រើសជាតិកម្ពជា
សកម្មភាពថ្ងៃដំបូងរបស់ ក្រុមជម្រើសជាតិកម្ពជា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ហើយនេះគឺជាការប្រកួតដំបូងរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Keisuke Honda។

មុនឈានដល់ការប្រកួតគ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែបានសម្ដែងនូវការគោរពគ្នាទៅវិញទៅមក តែក៏រំពឹងធ្វើបានល្អរៀងៗខ្លួនផងដែរ ។ ជាក់ស្ដែងលោក Tan Cheng Hoe គ្រូបង្វឹកម៉ាឡេស៊ី បានលើកឡើងថា ទោះបីម៉ាឡេស៊ី ធ្លាប់ជួបកម្ពុជា និងឈ្នះជាច្រើនលើកក៏ពិតមែន តែការឈ្នះនោះមិនមែនជារឿងងាយស្រួលនោះទេ ។ ម្យ៉ាងស្របពេលកម្ពុជា ទើបប្ដូរគ្រូបង្វឹកថ្មី ខណៈកីឡាករកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការលេង លោកជឿថា ជំនួបល្ងាចនេះ នឹងពិបាក ។

សូមរំឭកថា បើគិតចាប់ពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្នក្រុមគោព្រៃកម្ពុជា មិនធ្លាប់មានប្រវត្តិឈ្នះ ឬស្មើម៉ាឡេស៊ីឡើយ តួយ៉ាងឆ្នាំ២០០៧ ចាញ់ម៉ាឡេស៊ី ៦-០ ក្នុងជំនួបមិត្តភាព, ឆ្នាំ២០១២ ចាញ់ម៉ាឡេស៊ី ២-១ ក្នុងជំនួបមិត្តភាព, ឆ្នាំ២០១៤ ចាញ់ម៉ាឡេស៊ី ៤-១ ក្នុងជំនួបមិត្តភាព និងឆ្នាំ២០១៦ កម្ពុជា ចាញ់ម៉ាឡេស៊ី ៣-២ ក្នុងជំនួបពានរង្វាន់ AFF Suzuki Cup នៅលើទឹកដីមីយ៉ាន់ម៉ា។

photo of ជម្រើសជាតិម៉ាឡេស៊ី
ក្រុមជម្រើសជាតិម៉ាឡេស៊ី

ប៉ុន្ដែយ៉ាងណាល្ងាចនេះ អាចចាត់ទុកជារជ្ជកាលថ្មី ដោយក្រុមជម្រើសជាតិកម្ពុជា មិនត្រឹមតែផ្លាស់ប្ដូរគ្រូបង្វឹក ដឹកនាំដោយកីឡាករលំដាប់អន្ដរជាតិ Keisuke Honda នោះទេ សូម្បីកីឡាករក៏មានការផ្លាស់ប្ដូរច្រើនផងដែរ ជាក់ស្ដែងកីឡាករ ចាន់ វឌ្ឍនាកា ដែលជាអ្នកទាត់បំប៉ោងសំណាញ់ទីក្រុមម៉ាឡេស៊ី ២គ្រាប់ម្នាក់ឯង កាលពីឆ្នាំ២០១៦ ក៏មិនមានវត្តមានដែរ ព្រោះតែបញ្ហារបួស។

យ៉ាងណាមិញលោក Honda នៅតែមានជំនឿចិត្តខ្ពស់លើកូនក្រុមខ្លួន នឹងធ្វើបានល្អ នៅក្នុងការប្រកួតមិត្តភាពល្ងាចនេះ ទោះបីលោកចាត់ទុកក្រុមម៉ាឡេស៊ី គឺជាក្រុមខ្លាំងមួយក្នុងតំបន់ក៏ដោយ។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតកាលពីម្សិលមិញ។

គួរបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិល្ងាចនេះ ក្រោយបញ្ចប់តង់ទី១ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏នឹងមានរៀបចំនូវកម្មវិធីសម្ដែង “ល្ខោនខោល” ជូនអ្នកគាំទ្រទស្សនាកម្សាន្ដផងដែរ ។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាការសម្ដែង “ល្ខោនខោល” ដែលសិល្បះវប្បធម៌បុរាណរបស់បុព្វបុរសខ្មែរផងដែរ ៕

photo of ល្ខោនខោល
ល្ខោនខោល នឹងត្រូវសម្តែង ក្នុងការប្រកួតមិត្តភាពកម្ពុជានិងម៉ាឡេស៊ី