២ ​គ្រាប់​​នៅ​វគ្គ​ទី​ពីរ​បាន​ជួយ​ឲ្យ Chelsea យក​ឈ្នះ Spurs ក្នុងលិទ្ធផល ២ ទល់នឹង ០ កាល​ពី​យប់​មិញ​​ក្នុង​ក្របខណ្ឌ Premier League។

បន្ទាប់​ពី​មិន​មាន​គ្រាប់​បាល់​នៅ​វគ្គ​ទី​មួយ ខ្សែ​បម្រើ​ប្រយុទ្ធ Hakim Ziyech បាន​ទាត់បញ្ចូល​ទី​យ៉ាង​ស្អាត​ពី​លើ​ប្រអប់​គ្រោះថ្នាក់ ជួយ Chelsea នាំ​មុខ​ ១ ទល់នឹង ០។ ខ្សែ​ការពារ​ជើង​ចាស់ Thiago Silva ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ​ឲ្យ​តោ​ខៀវ ក្រោយ​មាន​ការ​​បញ្ជូន​ពី​បាល់ Free-Kick របស់ Mason Mount។

នេះ​​គឺ​ការ​ឈ្នះ​លើក​ទី​៣​សម្រាប់ Chelsea លើ​ក្រុម​ Spurs ក្នុង​រយៈពេល​៣​សប្ដាហ៍​ចុង​ក្រោយ។ ២​លើក​មុន Chelsea បាន​ឈ្នះ​ក្នុង​ពាន​រង្វាន់​ League ​ទាំង​ពីរ​ជើង​ ២ ទល់នឹង ០ និង ១ ទល់នឹង ០។

ជ័យជម្នះ​យប់​មិញ​ក្រុម​លោក Thomas Tuchel បន្ត​ឈរ​លេខ​៣​ក្នុង​​តារាង​ពិន្ទុ​លីគ​​មាន​៤៧​ពិន្ទុ គម្លាត​ពី​ក្រុម​ Man City ស្ថិតកំពូល​តារាង ១០​ពិន្ទុ៕