ក្រុមក្រសួងការពារជាតិ នឹងត្រូវឡើងទៅប្រកួតជាមួយ ព្រះខ័ណរាជស្វាយរៀង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ metfone cambodian league 2017 ក្រោយពីផ្តួល ក្រុមណាហ្គា​វើ​ល​ក្នុងលទ្ធផល ៤-៣ ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល ១២០​នាទី​ស្មើគ្នា ០-០ នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​យប់មិញ ដើម្បីដណ្តើមកៅអី​ទៅកាន់វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ 

photo of ក្រុម​ក្រសួងការពារជាតិ
ក្រុម​ក្រសួងការពារជាតិ

ក្រោយ​ទទួល​បាន​ជ័យជម្នះ​ខាងលើ គ្រូ​ជំនួយ​ក្រុម​ក្រសួងការពារជាតិ​លោក ភា សុភ​ក្ត្រា បាន​បង្ហាញ​ពី​មោទនភាព​ក្រៃលែង ចំពោះ​កូន​ក្រុម​ខ្លួន​ដែល​ព្យាយាម​ធ្វើ​បាន​យ៉ាង​ល្អ ដើម្បី​យកឈ្នះ​ក្រុម​ណាហ្គា​វើ​ល។ សម្រាប់​គោលដៅ​បន្ទាប់គឺ​ក្រសួងការពារជាតិ ត្រូវ​ជួប​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​លោក​នឹង​ធ្វើ​ការផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​មួយ​ចំនួន ដើម្បី​បន្ដ​ភាព​ខ្លាំង​ទោះ​លោក​មាន​កង្វល់​រឿង​ទីលាន​ស្មៅ​ធម្មជាតិ​ក៏ដោយ។​ ដោយឡែក​លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គា​វើ​ល​បាន​លើក​ឡើង​ថា ទោះបី​អស់​ឱកាសប្រជែង​តំណែង​ជើងឯក​ក្ដី ប៉ុន្តែ​លោក​នៅតែ​រីករាយ​ចំពោះ​លទ្ធផល​ខាងលើ ដែល​កូន​ក្រុម​ព្យាយាម​ធ្វើ​បាន​យ៉ាង​ល្អ។ តែ​អ្វី​ដែល​លោក​អាក់អន់ចិត្ត​គឺ​ការ​ទា​ត់​បាល់​ប៉េ​ណា​ល់​ទី​ចម្ងាយ ១១​ម៉ែត្រ​របស់​កីឡាករ គួច ដា​នី ដែល​ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ និង​មិន​ឲ្យ​ចូល ព្រោះតែ​ការ​ទាត់​ខុស​លក្ខន្ដិកៈ​ថ្មី​របស់ FIFA ប៉ុន្តែ​យ៉ាងណា​លោក​បាន​ព្រម​ទទួលយក​គ្រប់យ៉ាង ដោយ​មិន​បន្ទោស​កូន​ក្រុម​ឡើយ។​

photo of ក្រុម​ក្រសួងការពារជាតិ Vs ណាហ្គាវើល
ក្រុម​ក្រសួងការពារជាតិ Vs ណាហ្គាវើល

ដូច្នេះក្រុមក្រសួងការពារជាតិ នឹងត្រូវឡើងទៅប្រកួតជាមួយ ព្រះខ័ណរាជស្វាយរៀង ដែលឈរនៅលេខរៀងទី២ នៅថ្ងៃសៅរ៍​ ទី២៣ ខែធ្នូចុងសប្តាហ៍នេះនៅកីឡាដ្ឋាន ខេត្តស្វាយរៀង។ ក្រុមដែលឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះនិងត្រូវឡើងទៅប្រគួតជាមួយក្រុម បឹងកេត ដែលឈរនៅកំពូលតារាង ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី  ៣០ ខែធ្នូ ក្នុងពហុកីឡាដ្ឋានជាតិ ភ្នំពេញ ដើម្បីប្រជែងយកជើងឯក metfone cambodian league 2017