ក្រុមបាល់ទាត់ក្រសួងការពារជាតិ(ទ័ព) បានគ្រងតំណែងជើងឯកពានរង្វាន់អន្ដរជាតិ China-Asean City football tournament 2018 យ៉ាងពិបាក ក្រោយយកឈ្នះក្រុមលីគកំពូលវៀតណាម Than Quang Ninh ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងលទ្ធផល ៤-៣ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ លើទឹកដីខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន កាលពីចុងសប្ដាហ៍កន្លងទៅ ។

photo of ក្លឹបក្រសួងការពារជាតិ
ក្លឹបក្រសួងការពារជាតិ បានគ្រងតំណែងជើងឯកពានរង្វាន់អន្ដរជាតិនៅចិន

លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានឲ្យដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រនេះ បានបញ្ចប់ដោយតានតឹងបំផុត ដោយសារក្រុមលេខ៥ នៃលីគកំពូលវៀតណាម បានដាក់សម្ពាធខ្លាំង និងគ្រប់គ្រងបាល់ជាង ៧០% នៅលើទីលាន ។ តែលោកបានកោតសរសើរកូនក្រុមខ្លួន ដែលព្យាយាមធ្វើបានយ៉ាងល្អ រហូតទប់ស្មើ ០-០ ក្នុងការប្រកួតពេញម៉ោង និងឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ហើយក្រុមលោកបានយកឈ្នះ ៤-៣ តែម្ដង ។

គ្រូបង្វឹក ទើបឈ្នះពានគ្រូបង្វឹកល្អប្រចាំពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ រូបនេះ បន្ដថា នេះគឺជាលើកទី១ ក្រសួងការពារជាតិ បានចូលរួមព្រឹត្តិការណ៍នេះ ហើយលោកមានមោទនៈភាពជាខ្លាំង ដែលអាចកាន់ពានត្រឡប់មកមាតុភូមិវិញ ។ អ្វីដែលលោកកាន់តែសប្បាយចិត្ត គឺលោកបានដាក់កីឡាករយុវជនមួយចំនួនក្នុងការប្រកួត ហើយពួកគេបានបង្ហាញទម្រង់លេង និងសហការជាមួយរាមច្បងយ៉ាងល្អ ដើម្បីរួមចំណែកជួយក្លឹបលើកពានអន្ដរជាតិខាងលើ ។

គួរបញ្ជាក់ថា ពានរង្វាន់ China-Asean City football tournament 2018 ដែលរៀបចំដោយរដ្ឋបាលខេត្តណាននីងនេះ គឺមាន ៤ក្រុមចូលរួម ក្នុងនោះមានក្រុមថៃ ២ក្រុម, ក្រុមវៀតណាម ១ក្រុម និងក្រុមកម្ពុជា ១ក្រុម ដែលតំណាងដោយក្រុមក្រសួងការពារជាតិ តែមិនមានក្រុមម្ចាស់ផ្ទះចូលរួមទេ ។ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុម BTU FC របស់ថៃ ដោយលទ្ធផល ២-០ ៕