ក្រុម​ក្រសួងការពារជាតិ ទទួលបាន​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ metfone cambodian league 2017 បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​​​ណាហ្គាវើល​ដោយ​ការ​ទាត់​​បាល់​កាត់​សេចក្តី​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ដោយ​លទ្ធផល ៤-៣។

photo of ក្រុមក្រសួងការពារជាតិ
ក្រុមក្រសួងការពារជាតិអបអរជ័យជម្នះ​របស់ខ្លួន​លើណាហ្គាវើល

ការ​ប្រកួត​៩០នាទី​ដំបូង ក្រុម​ទាំង​ពីរ​មាន​ឱកាស​ម្តង​ម្កាល​ដូច​គ្នា​ ដោយ​ក្រុម​នីមួយ​ៗ​បាន​ព្យាយាម​ការពារ​ និង​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង។ បន្ទាប់​មក​​ថែម​១៥​នាទី​ពីរ​ដង ប៉ុន្តែ​​ក្រុម​ទាំង​ពីរ​នៅ​តែ​មិន​អាច​ទម្លាយ​សំណាញ់ទី​គ្នា​បាន។ ទី​បំផុត​ការ​ប្រកួត​ត្រូវ​បញ្ចប់​ដោយ​ស៊ុត​បាល់​ប៉េណាល់​ទី​កាត់​សេចក្តី​ដើម្បី​ស្វែង​រក​ក្រុម​ឡើង​វគ្គ​បន្ត

ក្រោយ Atuheire Kipson, Kento Fujihara និង គួច សុគ​ម្ភៈ សុទ្ធតែ​ធ្វើបាន​សម្រេច​លើ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​របស់ខ្លួន សួន វីរៈ ត្រូវបាន​រារាំង​ដោយ អ៊ុំ សេរី​រត្ន​ន៍ ខណៈ​កីឡា​ករទាំង​៤​រូប​របស់​ក្រសួងការពារជាតិ Ri Hyok-chol, Kim Kyong-hun, Choe Myong-ho និង សុខ ហៀ​ង សុទ្ធតែ​ធ្វើ​ឲ្យ​អ្នកចាំទី​ណាហ្គា​វើ​ល សំ​រឹត សីហា លោត​ខុស​គោលដៅ​។​

​ជ័យជម្នះ ៤-៣ លើ​ការ​ទាត់​ប៉េ​ណា​ល់​ទី​របស់​ការពារជាតិ នាំ​ឲ្យ​ពួកគេ​ឡើងទៅ​ជួប​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ក្រុម​ដែល​ឈ្នះ​នឹងត្រូវ​ប៉ះ​បឹងកេត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​៣០ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ៕