ក្រសួងការពារជាតិ បានផ្លាស់ប្ដូររចនាសម្ព័ន្ធសម្រាប់រដូវកាលថ្មីនេះ
ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានផ្លាស់ប្ដូររចនាសម្ព័ន្ធរបស់ក្រុមទាំងមូលសម្រាប់រដូវកាលថ្មីនេះ ដោយតែងតាំងលោក ភា សុភ័ត្រ្តា ឲ្យធ្វើជាគ្រូបង្គោលប្រចាំក្រុម ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ ២០១៨ ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ចំណែក អតីតគ្រូបង្វឹក លោក ទេព ឡុងរចនា ឡើងទៅជាអ្នកចាត់ការទូទៅ ខណៈលោក ខូវ ឆាយ ទៅជាអគ្គលេខាធិការក្លិប។

ក្រោយពេលទទួលបានតំណែងថ្មីនេះ គ្រូបង្វឹកដែលកាន់សញ្ញាប័ត្រ License A លោក ភា សុភ័ត្រា បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកួតប្រជែងថ្មីសម្រាប់លោក ខណៈក្រសួងការពារជាតិ គឺជាក្លិបដែលត្រូវបានគេចាត់ទុកថា ជាក្លិបដ៏ធំមួយក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន។
«វាជាកិត្តិយសសម្រាប់ខ្ញុំដែលបានដឹកនាំក្រុមក្រសួងការពារជាតិ ដែលខ្ញុំក្លាយជាគ្រូបង្វឹកក្នុងលីកកំពូលកម្ពុជា។ ខ្ញុំចំណាយពេលជាង ១០ឆ្នាំហើយ (២០០៧-២០១៧) ធើ្វជាគ្រូជំនួយ បន្ទាប់ពីខ្ញុំទទួលសញ្ញាប័ត្រគ្រូកម្រិត License A ក្នុងឆ្នាំ២០១២។ ខ្ញុំមានអារម្មណ៍អស្ចារ្យដែលក្លាយគ្រូបង្វឹក។ តួនាទីមួយនេះ ខ្ញុំនឹងត្រូវមានទំនួលខុសត្រូវខ្ពស់ជាងមុន។ យ៉ាងណាក្ដី វាជាពេលសម្រាប់ខ្ញុំ ដែលត្រូវជួបនឹងការប្រជែងថ្មី និងធើ្វការងារដើម្បីទទួលបានលទ្ធផល គោលដៅធំសម្រាប់រដូវកាលនេះគឺយកពានរង្វាន់លីគកំពូលកម្ពុជាឱ្យក្រុមឬអន់បំផុតក៏អាចរក្សាក្នុងក្នុងចំណាត់ថ្នាក់រង្វាន់ពីលេខ២ដល់លេខ៤ដែរ» ៕


នេះជាការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ក្រុមឡើងវិញរបស់ក្រុមក្រសួងការពារជាតិ ក្រោយពីការខកចិត្តត្រឹមជើងឯករង២រដូវការជាប់ៗគ្នាក្នុងពានរង្វាន់លីគកំពូលកម្ពុជា ខណះប្រកួតបើកឆាករដូវកាលថ្មីឆ្នាំ ២០១៨ ចុងសន្តាហ៍នេះ លោក ភា សុភ័ត្រា ត្រូវដឹកនាំក្រុមជួបក្រុមសូលទីឡូអង្គរ នៅវេលាម៉ោង ៣ : ៣០នាទីរសៀលថ្ងៃអាទិត្យ ទី៤ ខែមីនា ឆ្នាំ២០១៨ ៕