សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមជម្រើសជាតិកម្ពុជា បានសម្រេចជ្រើសរើសយកកីឡដ្ឋាន RSN ជាកន្លែងប្រមូលផ្តុំហ្វឹកហាត់ ពង្រឹងសមត្ថភាព របស់ក្រុមតំណាងឲ្យកម្ពុជាមួយនេះ ដើម្បីត្រៀមប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅក្រៅទឹកដី នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ។

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

តាមកម្មវិធីហ្វឹកហាត់ គឺសមាជិកទាំង២៥នាក់ របស់ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការហ្វឹកហាត់ នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន នៅរសៀលម៉ោង៤ ថ្ងៃអង្គារនេះ ហើយនៅថ្ងៃទី៣ និងទី៥ ខែតុលា ពួកគេ នឹងធ្វើការហ្វឹកហាត់នៅកីឡដ្ឋាន RSN ដដែល មុននឹងត្រូវចាកចេញពីមាតុប្រទេស ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅពហុកីឡដ្ឋាន Azadi Stadium ក្នុងក្រុង Tehran ប្រទេសអ៊ីរ៉ង់ នៅយប់ម៉ោង៨:៣០ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១០ ខែតុលា ខាងមុខនេះ។

យ៉ាងណាក៏ដោយ កីឡាករ៣នាក់ នៅក្នុងបញ្ជីឈ្មោះប្រមូលផ្តុំក្រុមជម្រើសជាតិកម្ពុជាទាំង២៦នាក់ នៅពេលនេះ នឹងត្រូវកាត់ចោលវិញ គឺទុកត្រឹម២៣នាក់ប៉ុណ្ណោះ សម្រាប់ប្រកួតផ្លូវការជាមួយក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ លើកនេះ ហើយនេះក៏ជាការប្រកួតក្រៅទឹកដីលើកដំបូងរបស់កម្ពុជា ផងដែរ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួត២លើកកន្លងមកនេះ ក្រុមកម្ពុជា បានស្មើ ១-១ ជាមួយក្រុមហុងកុង និងចាញ់ក្រុមជម្រើសជាតិបារ៉ែន ១-០ នៅក្នុងទឹកដីខ្លួនឯង ហើយការជួបក្រុមអ៊ីរ៉ង់ លើកនេះ វាជាការប្រកួតដ៏លំបាកមួយ សម្រាប់កម្ពុជា ខណៈ អ៊ីរ៉ង់ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ហុងកុង រហូតដល់ ២-០ នោះ៕