ជម្រើសជាតិក​ម្ពុជា
ជម្រើសជាតិក​ម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកួតសមជើងតទល់ក្រុមជម្រើសជាតិ សិង្ហបុរី ម៉ុងហ្គោលី និង ម៉ាឡេស៊ី ដើម្បីត្រៀមព្រឹត្តិការណ៍ AFF Suzuki Cup ដែលនឹងចូលមកដល់នាចុងឆ្នាំនេះ។ នេះបើតាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយប្រកាសតែងតាំងលោក Keisuke Honda ជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កាលពីថ្មីៗ ។

ជម្រើសជាតិកម្ពុជាពុំទាន់មានសកម្មភាពឡើយ គិតតាំងពីខែមីនាមក។ ការប្រកួតសមជើងនេះ​ ជាការត្រៀមយ៉ាងសំខាន់ដើម្បីសាកល្បងសមត្ថភាព និងស្ទាបស្ទង់កម្រិតដៃគូមុន Suzuki Cup។ នៅក្នុងពាននេះ កម្ពុជា ស្ថិតនៅពូល A ជាមួយ ឡាវ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ ជំនួបបើកឆាកក្រុមគោព្រៃ នឹងទទួលភ្ញៀវ ម៉ាឡេស៊ី នៅថ្ងៃទី០៨ ខែវិច្ឋិកាខាងមុខ។

ចំពោះកម្មវិធីប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជាខាងលើ រួមមានថ្ងៃទី១០ ខែកញ្ញា កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី បន្ទាប់មកបន្ដជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងចុងក្រោយជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចដូចគ្នា ។ យ៉ាងណាមិញ ជុំវិញតម្លៃសំបុត្រចូលរួមទស្សនាការប្រកួតនេះ នៅមិនទាន់ប្រកាសនោះទេ ។

AFF Suzuki Cup
AFF Suzuki Cup

គួរបញ្ជាក់ថា ការប្រកួតមិត្តភាពផ្លូវការខាងលើ គឺជាការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដោយកម្ពុជាស្ថិតក្នុងពូលA ជាមួយវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ខណៈការប្រកួតបើកឆាកកម្ពុជា ត្រូវជួបម៉ាឡេស៊ីផ្លូវការ នៅលើទីលានពហុកីឡដ្ឋានជាតិដដែល នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ។ តែអ្វីដែលពិសេស គឺបេសកកម្មទាំងនេះ ក្រុមគោព្រៃកម្ពុជា នឹងចូលរួម ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី គឺអតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda ៕