សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ​ បញ្ចេញ​តារាង​ចំណាត់​ថ្នាក់ ​ក្រុម​បាល់ទាត់​ទាំង​អស់​ជា​សមាជិក​របស់​ខ្លួន​ (FIFA World Ranking) ដែលមាន២០៦ប្រទេស ប្រចាំខែតុលា ឆ្នាំ២០១៨​ ថ្មីៗ​នេះ ​ស្រប​ពេល​ក្រុម​កម្ពុជា​ នៅ​ឈរ​ចំណាត់​ថ្នាក់​ចំនួន​លេខ១៧០​ ពោល​គឺធ្លាក់​ចំណាត់​ថ្នាក់​បើ​ធៀប​នឹង​ខែ​មុន​ដែល​ឈរ​លេខ​១៦៩។

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

យោងតាមវិបសាយ fifa.com បានបញ្ជាក់ថា តារាងចំណាត់ថ្នាក់នេះ គិតចាប់ពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។ សរុបតារាងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ាន ប្រទេសវៀតណាម ឡើងមកឈរកំពូលតារាង៩ខែជាប់គ្នា ដោយឈរលេខ១០២ពិភពលោក បន្ទាប់ពីវ៉ាដាច់ហ្វីលីពីន នៅលេខ១១៦ តាមពីក្រោយក្រុមថៃ ឈរលេខ១២១ពិភពលោក, មីយ៉ាន់ម៉ា លេខ១៤១, ឥណ្ឌូណេស៊ី លេខ១៦០, សឹង្ហបុរី លេខ ១៦៥, ម៉ាឡេស៊ី លេខ១៦៩, កម្ពុជា លេខ១៧០, ឡាវ លេខ១៨១, ទីម័រខាងកើត លេខ១៩១ និងប្រ៊ុយណេ លេខ១៩៦។

បើរាល់តារាងចំណាត់ថ្នាក់ក្រុមល្អទាំង១០ ប្រចាំទ្វីបអាស៊ី ក្នុងខែតុលា នេះមានអ៊ីរ៉ង់ បានឡើងមកឈរលេខ៣៣ ពិភពលោកក្នុងតារាង ក្រោយទំលាក់ក្រុមអូស្រ្តាលី ឲ្យឈរលេខ៤២ពិភពលោក, ជប៉ុន លេខ៥០, កូរ៉េខាងត្បូង លេខ៥៣, អារ៉ាប់ប៊ី សាអ៊ូឌីត លេខ៧២, ស៊ីរី លេខ៧៤, ចិន លេខ៧៥, អារ៉ាប់រួម លេខ ៨១, លីបង់ លេខ៨២ និងអ៊ីរ៉ាក់ លេខ៨៤ពិភពលោក។

សម្រាប់ចំណាត់ថ្នាក់ក្រុមខ្លាំងជាងគេប្រចាំពិភពលោកក្នុងខែតុលានេះ គឺក្រុមប៊ែលហ្សិច ឈរលេខ១ ហើយក្រុមបារាំង ឈរលេខ២ ខណៈក្រុមប្រេស៊ីល ឈរលេខ៣ ,ក្រូអាត លេខ៤, ប្រទេសអង់គ្លេស ឈរលេខ៥, អ៊ុយរ៉ាហ្គាយ លេខ៦, ព័រទុយហ្គាល់ លេខ៧, ស្វីស លេខ៨, អេស្ប៉ាញ ឡើងមកលេខ៩ និងក្រុមជម្រើសជាតិដាណឺម៉ាក ឈរលេខ១០៕

photo of ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា ឈរ​​លេខ​១៧០