ក្រុមប៉ូលិស បន្ថែមសមាជិក២នាក់ ត្រៀមដោះដូរកីឡាករ ជើងទី២

ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) បានសម្រេចបន្ថែមសមាជិកថ្មី ចំនួន២រូបទៀត គឺក្នុងនោះមានកីឡាករខ្មែរម្នាក់ និងបរទេសម្នាក់ មកចូលរួមក្នុងក្រុម នៅជើងទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 ដើម្បីបំពេញបន្ថែម នៅត្រង់ចំណុចខ្វះខាតរបស់ក្រុមនាពេលកន្លងមក ។
លោក សារ៉េត ស៊ីដន គ្រូបង្គោលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា អំឡុងទីផ្សារដោះដូរកីឡាករជុំទី២នៃក្របខណ្ឌ Metfone Cambodian League នេះ ក្រុមរបស់លោកបាននាំចូលសមាជិកថ្មីចំនួនពីររូប គឺអ្នកចាំទីក្នុងស្រុកមួយរូប និង ខ្សែប្រយុទ្ធកូរ៉េខាងត្បូងម្នាក់។

សម្រាប់អ្នកចាំទី គឺកីឡាករ សុះ ប្រុសហ៊ីម ដែលជាអតីតសមាជិកក្លិបបៀលប្រាយយូណាយធីត, វេស្ទើនភ្នំពេញ និង បានចាកចេញពីស៊ីម៉ាក់យូណាយធីត នៅដំណាច់រដូវកាល២០១៧កន្លងទៅ។
លោក ស៊ីដន រំពឹងថា ការចូលរួមពីសំណាក់កីឡាករជើងចាស់ខាងលើនឹងជួយបន្ថែមបទពិសោធដល់អ្នកចាំទី៣រូបដែលក្លិបមានស្រាប់។
ចំណែក ខ្សែប្រយុទ្ធកូរ៉េខាងត្បូងមានឈ្មោះថា Kim Dong-yoo ជាអតីតសមាជិកក្លិប Cheongju FC នៃក្របខណ្ឌ K-League 3 ហើយគេនឹងចូលជំនួសកីឡាកររួមជាតិរបស់គេម្នាក់ទៀត គឺ No Shang-min ដែលបានផ្លាស់ពីប៉ូលិសទៅក្លិប UiTM នៅលីគទី២ម៉ាឡេស៊ី។

យោងតាមលិខិតផ្លូវការ ដែលចេញដោយគណៈកម្មការរៀបចំការប្រកួត ហៅកាត់ថា CNCC បានបញ្ជាក់ថា ការដោះដូរកីឡាករជើងទី២នេះ អាចធ្វើបានលើកីឡាករកម្ពុជា៣រូប និងកីឡាករបរទេស៣រូប ចាប់ពីថ្ងៃទី១៥ ដល់៣០ខែមិថុនា។ តាមគម្រោងការប្រកួតជុំទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែមិថុនា ហើយកីឡាករថ្មីៗ ដែលក្លិបនីមួយៗ ជាសមាជិកទាំង១២ក្រុមបានចុះបញ្ជីលើកទី២នេះ នឹងចូលលេងបាន ។