ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា ប៉ះក្រុមម៉ាឡេស៊ី ព្រឹកនេះ នៅឥណ្ឌូណេស៊ី

ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា ត្រូវប៉ះក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ ប្រកួតជើងឯកអាស៊ាន AFF Futsal Championship 2018 ដែលត្រូវធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ព្រឹកថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា នេះលើទីលាន GOR UNY ក្នុងទីក្រុង Yogyakarta។
គួរបញ្ជាក់ថា បេសកកម្មនេះ កម្ពុជាគឺស្ថិតក្នុងពូលA ជាមួយក្រុមខ្លាំងៗចំនួន ៣ រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ដើម្បីធ្វើការប្រកួតសន្សំពិន្ទុ និងចម្រុះ ពោលគឺសម្រាប់ក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុមកំពូលតារាង នឹងមានឱកាសបានឡើងលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

សម្រាប់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា មុនចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាន ដែលឥណ្ឌូនេស៊ី ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះ ពួកគេបានទៅបោះជំរុំហ្វឹកហាត់ជាង ១សប្ដាហ៍លើទឹកដីថៃ ហើយក៏បានធ្វើការប្រកួតមិត្តភាព ៣លើកនៅទីនោះផងដែរ តែមិនទទួលបានលទ្ធផលនោះទេ ដោយបរាជ័យទាំង ៣ប្រកួតតែម្ដង៕
ក្រោយប៉ះម៉ាឡេស៊ី នៅព្រឹកនេះក្រុមកម្ពុជា បន្តត្រូវប៉ះក្រុមមីយ៉ាន់ម៉ា នៅថ្ងៃអង្គារ ស្អែកនេះនៅវេលាម៉ោងនិងទីលានដដែល ខណៈនៅថ្ងៃពុធ បន្តប៉ះក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ដែលជាវគ្គជម្រុះតាមពូលដូចគ្នា៕
