ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា
ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា

ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា ដែល​បានប្រមូលផ្តុំហ្វឹកហាត់ជាមួយគ្នាអស់មួយរយៈ​បាន​ចេញ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួតជើងឯកអាស៊ាន AFF Futsal Championship 2018​ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេសឥណ្ឌូូនេស៊ី ក្នុងខែវិច្ឆិកា នេះ​ហើយ។

យោងតាមការឱ្យដឹងពីលោក ឃុល ភីរម្យ នាយកផ្នែកអភិវឌ្ឍន៍ហ្វូតសាល​ប្រចាំ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បញ្ជាក់​ថា​ក្រុម​កីឡាករ​កម្ពុជា ត្រូវ​ធ្វើដំណើរ​ទៅ​វេលា​ម៉ោង​៧:៤៥នាទី​ព្រឹក​ថ្ងៃ​សៅរ៍ នេះ។ កីឡាករដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ បាន​សម្រេច​កោះហៅ​ចំនួន​១៦​នាក់​ចុងក្រោយ​មាន​កីឡាករ​ សឹង ចាន់វ៉ាន់ណូ, តាត់ ផាត់ឌី,ញឹក ថាលីដា,ហូរ អាត្រា,សេដ្ឋា សច្ចៈបុត្រ, ចន្ថា​ ចន្ទាកា,គន្ធ លន់ដារ៉ូត, គឹម សុខយុទ្ធ,រស់ ស៊ីចំរើន,ហេង សុខលី,រស់ រតនៈ,ឡាក់ ភីរុណ,អ៊ុក សេរីរតនៈ,គីម ហាប់,កែវ ជាតួ,ផុន ចាន់ឧត្តម។

ពានរង្វាន់ជើងឯកបាល់ទាត់អាស៊ានក្នុងសាលឆ្នាំ២០១៨ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ ១១ វិច្ឆិកា ឆ្នាំ ២០១៨ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដែលមានក្រុម៨ចូលរួម ក្នុងនោះពូល A មាន កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាខណៈពូល B មានថៃ វៀតណាម ប្រ៊ុយណេ និងទីម័រខាងកើត។

សូមបញ្ជាក់ថា មុនចេញទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ធ្លាប់បានចេញទៅហ្វឹកហាត់និងប្រកួតមិត្តភាពនៅប្រទេសថៃ មួយរយៈខ្លីផងដែរ ដោយក្នុងនោះបានប្រកួតចាញ់ក្រុមម្ចាស់ស្រុក Rachanavy FC ៥ទល់១ ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន Phutianan Stadium ខណៈនៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ បានប្រកួតចាញ់ក្រុម Samutsakhon University ៤ទល់១ លើទីលានជាមួយគ្នា។ ចំណែកប្រកួតចុងក្រោយកម្ពុជា ត្រូវបន្តចាញ់ក្រុម Bangkok City ៩ទល់១ ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ដែលជាប្រកួតចុងក្រោយ៕