ក្រុមរបស់ Mourinho សុទ្ធតែប្រើយន្តហោះដ្រូនពេលហ្វឹកហាត់
លោក Jose Mourinho បានមកដឹកនាំក្លឹបអ៊ីតាលី AS Roma ហើយនៅប៉ុន្មានថ្ងៃចុងក្រោយមកនេះ ក្រោយចាកចេញពីពិភពបាល់ទាត់អ៊ីតាលីអស់រយៈពេលជាង ១០ឆ្នាំ។ អ្វីដែលអ្នកតាមដានបាល់ទាត់កំពុងតែកត់សម្គាល់នោះគឺ បុរសជនជាតិព័រទុយហ្គាល់រូបនេះបានប្រើប្រាស់យន្តហោះដ្រូនអំឡុងពេលការបង្ហាត់កូនក្រុមរបស់ខ្លួន។ នេះបើតាមវីដេអូដែលបង្ហោះដោយបណ្ដាញសង្គមរបស់ Roma។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Football Italia បានឲ្យដឹងថា ការប្រើប្រាស់ដ្រូននេះអាចឲ្យបុគ្គលិករបស់ Mourinho ចាប់កំហុសរបស់កីឡាករបានភ្លាមៗ ហើយកែកំហុសបានលឿនៗ ដោយសារតែដ្រូននេះចាប់យកសកម្មភាពនៃការហ្វឹកហាត់នេះផ្ទាល់ៗ ហើយចាក់បញ្ចាំងនៅក្នុងផ្ទាំងដ៏ធំនៅក្នុងកន្លែងហ្វឹកហាត់តែម្ដង។
នេះមិនមែនជាលើកទី១ទេ ដែលបាល់ទាត់អ៊ីតាលីប្រើប្រាស់បច្ចេកវិទ្យានេះ ដោយលោក Maurizio Sarri បានប្រើប្រាស់ដ្រូនអំឡុងពេលដែលលោកដឹកនាំ Napoli កាលពីប៉ុន្មានឆ្នាំមុននេះ៕