ក្រុម The Forest FC ក្លាយជាជើងឯក Tiger Street Football 2020 មណ្ឌលបាត់ដំបង

ទីបំផុតជើងឯកមណ្ឌលបាត់ដំបង បានរកឃើញហើយគឺក្រុម The Forest FC ក្រោយទាត់សល់តែកីឡាករ២រូប មុននេះនៃវគ្គផ្ដាច់ព្រ័ត្រ។ ក្រុម The Forest FC និង FC CROWN(A) លេងដោយទំនុកចិត្ត និងប្រុងប្រយ័ត្នខ្ពស់ មិនងាយស្រួលស៊ុតគ្នានោះឡើយ ពោលចប់ម៉ោងធម្មតាលទ្ធផល ១-១ បន្ថែមម៉ោងប្រកួតរហូតដល់ទៅ៣ដង ទើបរកឃើញអ្នកឈ្នះ។
កីឡាករ វុធ ដេវីត ប្រធានក្រុម The Forest FC បានលើកឡើងថា ការគ្រងតំណែងជើងឯកលើកទី១នេះវាជាមោទនៈភាពមួយសម្រាប់ក្រុម The Forest FC ខណៈ២លើកកន្លងមក បានត្រឹមលេខ៤ប៉ុណ្ណោះ។ ការគ្រងតំណែងជើងឯកលើកដំបូងនេះ ប្រធានក្រុម The Forest FCបានប្តេជ្ញាចិត្តខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីលេងឲ្យស៊ីសង្វាក់គ្នានៅវគ្គផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ឈានទៅក្រសោបតំណែងជើងឯក Tiger Street Football 2020លើកមុខមាត់ខេត្តបាត់ដំបង។



សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020បន្ទាប់ពីមណ្ឌលទី៥ មណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០៕