Liverpool

ការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះរបស់ក្រុម Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅដូវកាលនេះ បានធ្វើឲ្យគូប្រជែងដណ្តើមពានរបស់ពួកគេកំពុងតែមានសម្ពាធ ហើយក្រុមកំពុងតែនាំមុខលើកំពូលតារាងមួយនេះ ត្រូវបានរំពឹងទុកថា នឹងរក្សាកំណត់ត្រាយ៉ាងល្អរបស់ខ្លួនពេលប្រកួតជាមួយនឹងក្រុម Newcastle នៅថ្ងៃសៅរ៍។

ក្រុមរបស់លោក Jurgen Klopp បានគ្រប់គ្រងទាំងស្រុងក្នុងក្របខ័ណ្ឌ Premier League នៅដើមរដូវកាលនេះ តាមរយៈការយកឈ្នះពីការប្រកួតទាំង៤លើកជាប់ៗគ្នា ដើម្បីនាំមុខ២ពិន្ទុដាច់លើក្រុមឈរលេខ២ Manchester City។ ការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ បានកើតឡើងក្នុងពេលប្រកួតជាមួយនឹងក្រុម Norwich, Southampton, Arsenal និង Burnley ដើម្បីផ្ញើរសារមួយថា ពួកគេមានការតាំងចិត្តខ្ពស់ក្នុងការស្តារមុខមាត់ឡើងវិញពីការចាញ់ក្រុម Man City ទាំងខកចិត្តក្នុងការប្រជែងពានកាលពីរដូវកាលមុន។

ខ្សែបម្រើ Dani Ceballos របស់ក្លិប Arsenal គឺជាកីឡាករចំណូលថ្មីក្នុងកីឡាបាល់ទាត់អង់គ្លេស ក្រោយពីបានខ្ចីជើងពីក្លិប Real Madrid ហើយខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានទទួលស្គាល់ថា រូបគេចាប់អារម្មណ៍ទៅលើភាពខ្លាំងដែលក្រុម Liverpool បានបង្ហាញ ក្នុងពេលពួកគេបានយកឈ្នះលើក្រុមកាំភ្លើងធំ ក្នុងលទ្ធផល ៣-១ កាលពីខែសីហា។

Ceballos បានប្រាប់កាសែត Daily Mail ឲ្យដឹងថា៖ «ខ្ញុំមិនធ្លាប់បានឃើញការលេងបែបនេះឡើយ។ ខ្ញុំមិនធ្លាប់បានឃើញរហូតទាល់តែក្រុមមួយលេងបានល្អប្រសើរជាង និងវាយសម្រុកយ៉ាងល្អ។ ការប្រកួតនេះពិតជាមានឥទ្ធិពលដល់ខ្ញុំ»៕