​ក្រុម River Plate បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Copa Libertadores ប្រចាំឆ្នាំ​២០១៨ បន្ទាប់ពី​យកឈ្នះ Boca Juniors ដោយ​លទ្ធផល ៣-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២ នៅ​ថ្ងៃទី​៩ ខែធ្នូ នា​កីឡដ្ឋាន Bernabeu Stadium​។​

photo of River Plate ​
ក្រុម River Plate ​ក្លាយជា​ម្ចាស់​ជើងឯក​ពាន Copa Libertadores ​ក្រោយផ្តួល Boca ៥-៣

ក្នុងជំនួប​ជើង​ទី​២​ដែល​ធ្វើឡើង​ក្នុង​ទឹកដី​របស់ Real Madrid ក្រុម​យក្ស​ពី​ប្រទេស​អា​ហ្ស​ង់​ទីន​ទាំងពីរ បានបញ្ចប់​ទៅដោយ​លទ្ធ​ផល ១-១ ដែល​ធ្វើបាន​ដោយ Lucas Pratto និង Dario Benedetto សម្រាប់​ការប្រកួត​ពីរតង់ ៩០​នាទី ។ ដោយសារ​កាលពី​ជើង​ទី​១ ក្រុម​ទាំងពីរ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា ២-២ នោះ ទើបត្រូវ​បន្ថែម​ម៉ោង ១៥​នាទី​ពីរដង​ដើម្បី​កាត់សេចក្តី​ឈ្នះ​ចាញ់​។

ចូលដល់​ម៉ោង​បន្ថែម​លើក​ទី​១ បាន​ត្រឹម​២​នាទី​ប៉ុណ្ណោះ កីឡាករ Wilmar Barrios របស់ Boca ទទួលបាន​កាត​ក្រហម​បណ្តេញចេញ​។ River Plate បាន​ក្លាយជា​ក្រុម​មានប្រៀប​លើ​គូប្រកួត​ដោយ​អាច​រក​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​១០៩ ដោយ​ខ្សែប្រយុទ្ធ Juan Quintero​។ ចូលដល់​ម៉ោង​ថែម​វគ្គ​ទី​២ នៅ​នាទី​១២០ កីឡាករ Gonzalo Martinez បាន​បន្ថែម​គ្រាប់​បាល់​ទី​៣ ដើម្បី​ជួយ River Plate ឈ្នះ ៣-១​។ សរុប​លទ្ធផល​ទាំងពីរ​ជើង (aggregate) River Plate ឈ្នះ Boca Juniors ៥-៣​។​

River Plate បាន​ក្លាយជា​ជើងឯក​ពាន​លំដាប់​កំពូល​ប្រចាំ​តំបន់​អាមេរិក​ឡាទីន Copa Libertadores ប្រចាំឆ្នាំ​២០១៨​នេះ និង​ជាការ​ឈ្នះ​លើក​ទី​៤​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​នៅ​អា​ហ្ស​ង់​ទីន​ផងដែរ​។ ក្លិប​ដែល​ឈ្នះ​ពាន​នេះ​ច្រើនជាងគេ​គឺ Club Atlético Independiente ពីលីគកំពូលអាហ្សង់ទីន រហូត​ល​៧​សម័យ ខណៈ Boca Juniors ធ្លាប់​ឈ្នះ ៦​លើក និង​ក្លិប Peñarol ពី​អ៊ុយ​រូ​ហ្គា​យ ឈ្នះ ៥​លើក​៕