photo of U17បាទី
ក្រុម U17បាទី ចេញទៅប្រកួតពាន JENESYS 2018 នៅជប៉ុនយប់នេះ

ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៧ឆ្នាំ ដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Musashi Mizushima នឹងត្រូវធ្វើដំណើរទៅចូលរួមការប្រកួតពានរង្វាន់ Japan-Mekong U-17 Football Tournament នៃកម្មវិធី JENESYS 2018 នៅខេត្តហ្វូគូស៊ីម៉ា ប្រទេសជប៉ុន នាថ្ងៃទី០៥-០៨ ខែតុលាខាងមុខ ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

បេសកកម្មរបស់ក្រុម U17បាទីនេះ ធ្វើឡើងក្រោយមានការអញ្ជើញពីក្រសួងការបរទេសជប៉ុន ដោយមានកីឡាករសរុប ២០នាក់ ដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Musashi Mizushima ។ កម្មវិធីនេះ ផ្ដោតលើការផ្លាស់ប្ដូរបណ្ដាញសិស្ស-និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្ដាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2018 ។

photo of U17បាទី
បញ្ជីឈ្មោះ ក្រុម U17បាទី ចេញទៅប្រកួតពាន JENESYS 2018

តាមកម្មវិធីប្រកួត Japan Mekong U17 Football Tournament ដែលត្រូវបានធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលានោះ ក្រុមU17កម្ពុជា ឈរនៅពូលB ជាមួយក្រុមមីយ៉ាន់ម៉ា វៀតណាម ជប៉ុន ខណៈពូលAមានក្រុម Shoshi High School ថៃ ឡាវ និងក្រុម Bellmare។ ក្រោយបញ្ចប់ការប្រកួតតាមពូល គឺគេយកលេខ១ពូលA ជួបលេខ១ពូលB ឯលេខ២ ជួបលេខ២ ខណៈលេខ៣ ប៉ះលេខ៣ ហើយលេខ៤ពូលA ប្រកួតជាមួយក្រុមលេខ៤ពូលB៕