តារាឆ្នើមជើងចាស់ Arjen Robben បាននិយាយថា រូបគេអាចនឹងចូលនិវត្តន៍នៅខែមិថុនា ក្រោយពីបានប្រកាសថា រូបគេនឹងចាកចេញពីក្លិប Bayern Munich នៅពេលដែលកិច្ចសន្យារបស់គេជាមួយនឹងក្រុមម្ចាស់ជើងឯករបស់ក្របខ័ណ្ឌ Bundesliga មួយនេះ ផុតកំណត់។

Robben
ក្រោយពីចាកចេញពី Bayern កីឡាករជើងចាស់ Arjen Robben អាចនឹងត្រូវចូលនិវត្តន៍

Robben ដែលនឹងឈានចូលវ័យ៣៥ឆ្នាំនៅខែមករានោះ បានប្រកាសក្នុងអត្ថបទរបស់ទស្សនាវដ្តី Kicker កាលពីថ្ងៃចន្ទថា រូបគេនឹងចាកចេញពីក្លិបយក្សរបស់អាល្លឺម៉ង់មួយនេះ នៅចុងរដូវកាលនេះ តាមរយៈការនិយាយថា៖ “នោះគឺជារឿងពិត។ ពិតណាស់ វាជាជំហានដ៏ធំមួយ ដែលអ្នកមិនមែនធ្វើឡើងត្រឹមតែ១ថ្ងៃឡើយ”។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ “ខ្ញុំបានគិតពីវាជាយូរមកហើយ ហើយវាជារឿងដ៏ល្អក្នុងការនិយាយបញ្ហានេះឡើង ដែលល្អសម្រាប់ទាំងអ្នកគាំទ្រ និងក្លិបនេះ។ វាជាចំណុចដ៏ត្រឹមត្រូវក្នុងពេលវេលាដ៏ត្រឹមត្រូវ”។

Arjen Robben
Arjen Robben

ក្រោយពីបានអវត្តមានក្នុងការប្រកួត២លើកចុងក្រោយដោយសារតែបញ្ហារបួសភ្លៅ Robben អាចនឹងវិលចូលលេងវិញ ក្នុងពេលក្រុម Bayern ជួបជាមួយនឹងក្រុម Ajax ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃពុធ។ ក្រុមទាំងពីរ បានឈានទៅវគ្គបន្តរួចជាស្រេច ហើយ Bayern ត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះក្នុងទីក្រុង Amsterdam ដើម្បីបញ្ចប់ដោយការឈរលេខ១ក្នុងពូល E។ ក្រោយពីបានចំណាយពេលជាមួយនឹងក្លិប Chelsea និង Real Madrid កីឡាករ Robben បានឈ្នះពាន១៩លើកជាមួយនឹងក្លិប Bayern ក្នុងនោះពានក្របខ័ណ្ឌអាល្លឺម៉ង់៧លើក៕