ក្រោយពីរបូតឱកាសចូលតំបន់ Top 4 លោក Xavi ថាគេងមិនលក់ទេ
លោក Xavi អ្នកចាត់ការក្រុម FC Barcelona បាននិយាយថាលោកនឹងគេងមិនលក់ទេ ដោយសារតែមានឱកាសចូល Top 4 ទៅហើយ បែរជាឱ្យរបូតបាត់ទៅវិញនៅយប់មិញ។

ក្រុម Barcelona ប្រកួតទល់ក្រុម Sevilla បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១-១។ ខណៈដែលក្នុងការប្រកួតនេះដែរ ក្រុមម្ចាស់ផ្ទះ Sevilla នៅសល់គ្នាត្រឹម១០នាក់ប៉ុណ្ណោះចាប់ពីនាទី៦៤ទៅ ប៉ុន្តែក្រុមអ្នកមានបុណ្យនៅតែមិនមានសំណាងអាចយកឈ្នះបានដដែល។ ការចែកគ្នាម្នាក់មួយពិន្ទុនេះ មិនល្អទេសម្រាប់ក្រុម Barcelona ព្រោះពួកគេបានរបូតឱកាសចូលក្នុង Top 4 ទៅហើយ។
អ្នកចាត់ការ Xavi និយាយក្រោយចប់ការប្រកួតថា៖ “វាពិបាកធ្វើឱ្យខ្ញុំគេងលក់ណាស់ យើងត្រូវឈ្នះ ជាពិសេសនៅពេលមានមនុស្សលើសខាងគេម្នាក់។ យើងត្រូវឈ្នះដើម្បីចូលទៅតំបន់លេង Champions League ប៉ុន្តែខ្ញុំក៏មោទកភាពត្បិតបានត្រឹមស្មើក៏ដោយ។ យើងមិនសំណាងថ្ងៃនេះ ខ្ញុំពេញចិត្តការលេងគ្រប់គ្នា។ នេះជាក្រុម Barcelona| ដែលខ្ញុំចង់បាន”៕