ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang មាន​បញ្ហា​ជាមួយ Arsenal ក្លឹប​ Barcelona បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​ខ្ចី​ជើង​​កីឡាករ​រូប​នេះ​នៅ​ខែ​ក្រោយ។

Pierre-Emerick Aubameyang
Pierre-Emerick Aubameyang

Aubameyang បាន​ហ្វឹកហាត់​ម្នាក់​ឯង​ ចាប់​តាំង​ពី​បាត់បង់​តំណែង​ជា​ប្រធាន​ក្រុម​កាល​ពី​សប្ដាហ៍​មុន។ ហើយ​រំពឹង​ថា​ គេ​នៅ​តែ​​មិន​ស្ថិត​ក្នុង​គម្រោង​របស់​លោក Mikel Arteta រហូត​ដល់​គេ​​ចាកចេញ​ទៅ​លេង​​ពាន​រង្វាន់ Africa Cup of Nations ជាមួយ​នឹង​ជម្រើសជាតិ​ហ្គាបុង​នៅ​បញ្ចប់​ខែ​នេះ។

Barca ពេល​នេះ​កំពុង​តែ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​២​រូប​ក្នុង​ខែ​មករា​ខាង​មុខ បន្ទាប់​ពី Sergio Aguero បាន​បង្ខំ​ចិត្ត​ចូលនិវត្តន៍។ ខ្សែ​ប្រយុទ្ធ​របស់ Manchester City កីឡាករ​ Ferran Torres ក៏​ស្ថិត​ក្នុង​បញ្ជី​របស់ Barca ដូច​គ្នា​ ដែល​មាន​តម្លៃ​ខ្លួន​ដល់​ទៅ​៥០​លាន​ផោន។

គោលដៅ​របស់ Barcelona មួយ​ទៀត​គឺ Edinson Cavani ប៉ុន្តែ Manchester United ហាក់​មិន​ចង់​ឲ្យ​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​​រូប​នេះ​ចេញ​ពី​ក្លឹប​ឡើយ។

ជម្រើស​ដ៏​សម​ល្អ​សម្រាប់ Barca គឺ Aubameyang ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ដោះស្រាយ​គឺ​ប្រាក់​ឈ្នួល​របស់​គេ​​ដែល​ទទួល​បាន​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​នៅ Arsenal៕