កីឡាករ Pierre-Emerick Aubameyang ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅលើរ៉ាដារបស់ក្លិបយក្ស ៥ ក្នុងតំបន់ អឺរ៉ុប ស្របពេលជាមួយគ្នានេះ អនាគតរបស់គេជាមួយ Arsenal ក៏កំពុងតែស្ថិតក្នុងភាពស្រពិចស្រពិលផងដែរ។

Aubameyang
Aubameyang

ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំហាក់ពុំសូវបង្ហាញទម្រង់លេងបានល្អប្រសើរប៉ុន្មានឡើយនារយៈពេល ១២ ខែចុងក្រោយនេះជាមួយក្រុមកាំភ្លើងធំ, ជាក់ស្តែងសម្រាប់ការប្រកួតទល់នឹង Newcastle និង Manchester United ២ ប្រកួតចុងក្រោយនេះ គេតែងតែទទួលបានកម្រិតពិន្ទុទាបជាងគេប្រចាំការប្រកួត។

Aubameyang បានបន្តកុងត្រាថ្មីជាមួយក្រុម Arsenal រហូតដល់ឆ្នាំ ២០២៣, បន្ទាប់ពីកុងត្រាចាស់របស់គាត់ផុតកំណត់កាលពីរដូវក្តៅមុន, ប៉ុន្តែឥឡូវនេះគាត់កំពុងតែប្រឈមមុខនឹងការចាកចេញ ដោយសាររយៈពេលចុងក្រោយនេះទម្រង់លេងរបស់គាត់ហាក់ធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់។

យោងតាមសេចក្តីរាយការណ៍របស់កាសែត Fichajes បានឱ្យដឹងថា Real Madrid, Barcelona, Atletico Madrid, Inter Milan និង AC Milan សុទ្ធតែមានបំណងចង់បាន Aubameyang និងត្រៀមចុះកុងត្រាយករូបគេនៅឆ្នាំ ២០២២៕