ក្លិបសេះបង្កង់ Juventus កំពុងចាប់អារម្មណ៍អ្នកចាំទី Donnarumma របស់ក្លឹប PSG
ក្លិបសេះបង្កង់ Juventus កំពុងតាមដានស្ថានភាពរបស់ អ្នកចាំទី Gianluigi Donnarumma នៃក្លិប Paris Saint-Germain ដោយចង់ទាក់ទងយកគេនៅរដូវក្ដៅខាងមុខនេះ។

នេះមិនមែនជាលើកដំបូងទេដែល Juventus ចង់ទិញយកកីឡាករសញ្ជាតិអ៊ីតាលីម្នាក់នេះព្រោះកាលពីឆ្នាំមុន ភាគីលោក Max Allegri បានដាក់សំណើយកគេពី AC Milan តែ Donnarumma ជ្រើសរើសទៅ PSG ។
យ៉ាងណាមិញ ជីវិតរបស់ Donnarumma នៅ PSG ហាក់មិនរលូនដូចការគិត ខណៈដែលគេទើបតែបង្កកំហុសឲ្យមានគ្រាប់បាល់របស់ Karim Benzema កើតឡើងក្នុងការប្រកួតវគ្គ១៦ក្រុមពាន Champions League ដែលធ្វើឲ្យ PSG ភ្លាត់ធ្លាក់ចេញពី UCL ត្រឹមនេះតែម្ដង។
សារព័ត៌មាន Gazzetta dello Sport បានចុះផ្សាយថា Juventus នឹងព្យាយាមឆក់ឱកាសនេះដណ្ដើមយកអ្នកចាំទីរូបនេះម្ដងទៀតខណៈកុងត្រារបស់ Donnarumma មានសុពុលភាពរហូតដល់ឆ្នាំ២០២៦ឯណោះ។
គួរបញ្ជាក់ផងដែរថា Gianluigi Donnarumma ចូលលេងបាន១១ប្រកួតក្នុងក្របខណ្ឌ Ligue 1 នារដូវកាលនេះ៕