ក្លិបអ្នកមានជាន់ថ្មី Newcastle គ្រោងជះលុយធំទិញយក Coutinho
ក្លិបសារិកាព្រៃ Newcastle United ត្រូវគេរាយការណ៍ថា បានដាក់រ៉ាដាលើខ្សែបម្រើប្រយុទ្ធ Philippe Coutinho របស់ក្រុម Barcelona ជាកីឡាករចំណូលថ្មីដំបូងគេដែលពួកគេចង់បាន ក្រោយមានវត្ដមានម្ចាស់ក្លិបថ្មី ជាព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

សារព័ត៌មានអេស្ប៉ាញ Sport.es បានអះអាងថា អ្នកតំណាងរបស់ Coutinho បានជួបពិភាក្សាជាមួយម្ចាស់ថ្មីរបស់ក្លិប Newcastle នៅដើមឆ្នាំនេះ ពោលគឺនៅមុនប៉ុន្មានខែដែលព្យាយាមទិញយកក្លិប។
របាយការណ៍បញ្ជាក់ដែរថាខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះក៏ទំនងជាចាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League វិញផងដែរ បន្ទាប់ពីរយៈពេល ៤ឆ្នាំនៃការចាកចេញពី Liverpool ទៅចូលរួម Barcelona។ ប៉ុន្ដែ នៅឯទឹកដីអេស្ប៉ាញ រូបគេមិនទាន់ជោគជ័យឡើយ ដោយសារបញ្ហារបួសញាំញី បូករួមទាំងការមិនពេញចិត្ដរបស់លោកគ្រូបង្វឹក Ronald Koeman។
គួរបញ្ជាក់ថា ម្ចាស់ក្លិបថ្មីដែលមានទ្រព្យច្រើនមហាសាល នឹងត្រៀមចំណាយលើកីឡាករចំណូលថ្មីៗ នាទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ ដោយបានកត់ឈ្មោះកីឡាករគោលដៅចូលទៅក្នុងបញ្ជីរួចរាល់ផងដែរ៕