ក្លិបភ្នំពេញក្រោន ប្រកាសបញ្ចប់កុងត្រាខ្សែប្រយុទ្ធអ៊ីរ៉ង់ Pouya Hosseini
ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា បានប្រកាសនៅរសៀលថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨នេះថា ក្លិបសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាផ្លូវការជាមួយកីឡាករជនជាតិអ៊ីរ៉ង់ Pouya Hosseini មុនបញ្ចប់រដូវកាលឆ្នាំ២០១៨ នេះ។

មូលហេតុនៃការបញ្ចប់កិច្ចសន្យា ក្លឹបភ្នំពេញក្រោនសូមរក្សាសិទ្ធិមិនបញ្ជាក់ឡើយ។ យ៉ាងណាមិញ គេអាចដឹងបានថាកីឡាករអ៊ីរ៉ង់រូបនេះត្រូវក្លឹបបញ្ចប់កុងត្រា ដោយសារតែមិនអាចជួយក្រុមបានច្រើន ខណៈដែលខ្លួនមានតំណែងប្រយុទ្ធ ប៉ុន្តែត្រូវគ្រូបង្វឹកផ្លាស់ទៅលេងនៅតំណែងផ្សេងវិញ។
ក្រោន បាននាំយកខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះមករួមរស់ជាមួយក្រុមនៅដើមរដូវកាលមុន។ រូបគេជាកីឡាករមានបទពិសោធច្រើននៅលីគប្រទេសថៃ ដោយធ្លាប់លេងនៅក្លឹបUdon Thani FC ក្នុងឆ្នាំ២០១៣ បន្ទាប់មកបានចូលរួមជាមួយក្លឹប Muangthong United ពីឆ្នាំ២០១៤-២០១៥ មុននឹងលេងឲ្យក្លឹប Nongbua Pitchaya FC ក្នុងឆ្នាំ២០១៦ ។ បើតាម ភ្នំពេញក្រោន បានបញ្ជាក់ថា Pouya រកគ្រាប់បាល់បាន២គ្រាប់ដែរ អំឡុងពេលប៉ុន្មានប្រកួតមកនេះ៕

ដូច្នេះក្រោយការចាកចេញរបស់ ខ្សែប្រយុទ្ធ Pouya Hossein ក្រុមភ្នំពេញក្រោន នៅកីឡាករបរទេស៤នាក់ប៉ុណ្ណោះ ក្នុងបញ្ជីដោយក្នុងនោះមានខ្សែប្រយុទ្ធកីឡាករJorrin John (ឈ្មោះហៅក្រៅថា JJ) ជាជនជាតិអង់គ្លេស កីឡាករ Tsotleho JANE ហៅក្រៅថា Sunny ខ្សែការពារ Jonny Campbell ជនជាតិអាមេរិកនិងកីឡាករ Atsushi Shirota ជនជាតិជប៉ុន៕