យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថា ក្លិប Bayern Munich មានចំណាប់អារម្មណ៍ផ្ទេរយកខ្សែបម្រើក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Frenkie de Jong ដោយបានទាក់ទងចរចាជាមួយ ភ្នាក់ងារជម្រើសជាតិហូឡង់វ័យក្មេងរូបនេះ រួចរាល់ហើយ។

Frenkie de Jong
Frenkie de Jong

De Jong វ័យ២៤ឆ្នាំ បានផ្លាស់ពីក្លិប Ajax មកកាន់ក្លិបយក្សតំបន់កាតាឡាន់ កាលពីឆ្នាំ២០១៩ ក្នុងតម្លៃមហាសាល ៧៤,៥លានផោន (ឬប្រមាណ ១០០លានដុល្លារ)។ 

យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិហូឡង់ខាងលើ មិនបានបង្ហាញគុណភាព​ល្អណាស់ណា ក្នុងការលេងឲ្យ Barca នោះឡើយ ខណៈបច្ចុប្បន្ន ក្លិបជើងឯក Bundesliga ៣១សម័យកាល Bayern Munich បានត្រៀមសាងយករូបគេ ទៅលេងនៅទឹកដីអាល្លឺម៉ង់។

ជាមួយគ្នានេះ បើតាមប្រភពដដែល ប្រសិន Bayern បរាជ័យក្នុងការបញ្ចុះបញ្ចូលយក De Jong ក្នុងខែមករានេះ នោះពួកគេនឹងព្យាយាមសាជាថ្មីម្ដងទៀតនាទីផ្សាររដូវក្ដៅខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍របស់កាសែត Sport អ្នកចាត់ការទូទៅរបស់ Barca ថ្មីលោក Xavi ពុំចង់ឲ្យ De Jong ចាកចេញទៅណានោះទេ ដោយលោកពេញចិត្តនឹងខ្សែបម្រើរូបនេះ។

មិនត្រឹមតែប៉ុណ្ណោះ លោក​ Xavi ក៏កំពុងរៀបចំជួយ De Jong ឲ្យត្រឡប់មករកទម្រង់លេងល្អប្រសើវិញផងដែរ៕