ក្លិប Lille ចាប់អារម្មណ៍ចង់ជួយសង្រ្គោះ Hazard ចេញពីក្លឹប Real Madrid
ក្លិប Lille ចង់សង្គ្រោះ Hazard ចេញពីសុបិនអាក្រក់នៅឯក្លិប Real Madrid ដោយចង់នាំយកអតីតកីឡាកររបស់ពួកគេរូបនេះ ទៅលេងនៅឯលីគបារាំងវិញ។

ជាការពិតណាស់ ក្លិបស្ដេចស Real Madrid ហាក់មានការខកចិត្ដចំពោះទម្រង់លេងរបស់ Hazard ដែលមិនអាចឈានដល់កម្រិតកំពូលដូចការរំពឹងទុក ហើយក្លិបបានត្រៀមរួចជាស្រេច ក្នុងការចែកផ្លូវជាមួយខ្សែប្រយុទ្ធរូបនេះ ដែលបានចុះហត្ថលេខាពីក្លិបតោខៀវ Chelsea ក្នុងឆ្នាំ២០១៩។
Hazard ស៊ុតបញ្ចូលទីបាន ៣គ្រាប់ប៉ុណ្ណោះក្នុងរយៈពេល ៣រដូវកាលចុងក្រោយ ខណៈរដូវកាលថ្មីនេះ មិនទាន់រកបានមួយគ្រាប់ឡើយ ដោយសារតែពុំសូវទទួលបានឳកាសបង្ហាញខ្លួន និងបញ្ហារបួសជាដើម។
ប៉ុន្ដែពេលនេះ ក្លិបប្រកបអាជីពនៅលីគកំពូលបារាំង Lille បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយឲ្យទម្រង់លេងរបស់ Hazard ងើបឡើងវិញ ហើយសារព័ត៌មាន Marca បានរាយការណ៍ថា ពួកគេនឹងប្រើប្រាស់កីឡាកររបស់ពួកគេម្នាក់ ជាថ្នូរនឹងការនាំយកខ្សែប្រយុទ្ធស្លាបរូបនេះ។
របាយការណ៍បន្ថែមថា ខ្សែប្រយុទ្ធក្លិប Lille គឺកីឡាករ Jonathan David គ្រោងនឹងចាកចេញនាចុងរដូវកាលនេះ ហើយក្លិបគ្រោងនឹងដាក់គាត់ចូលក្នុងកិច្ចព្រមព្រៀង ផ្ទេរយក Hazard ពី Real Madrid តែម្ដង។ ខណៈក្លិបយក្សអេស្ប៉ាញ ក៏ជាក្លិបមួយ ដែលចាប់អារម្មណ៍លើកីឡាករវ័យ២១ឆ្នាំ David ផងដែរ៕