ក្លិប PSG នឹងមិនចុះហត្ថលេខាយកខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo របស់ Man United ទេ
ក្លិបអ្នកមានបារាំង Paris Saint Germain នឹងមិនចុះហត្ថលេខាដើម្បីនាំយកកីឡាករ Cristiano Ronaldo មករួមក្រុមជាដាច់ខាត នេះបើយោងតាមសម្តីរបស់អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Gianluca di Marzio។

ជាការពិតណាស់ នាពេលថ្មីៗនេះ មានការចុះផ្សាយជាច្រើនដែលបានលើកឡើងថា Ronaldo កំពុងតែអន្ទះសារចង់ចាកចេញពី Man Utd នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយ មូលហេតុដែលគេចង់ចាកចេញនោះ ពីព្រោះគេមើលឃើញថា ក្រុមបិសាចក្រហមហាក់មិនមានផែនការលេងដើម្បីឈ្នះពានរង្វាន់ ខណៈ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ Chelsea, Bayern Munich និង PSG នេះតែម្តង។
យ៉ាងណាក៏ដោយ បើយោងតាមការលើកឡើងរបស់លោក Gianluca di Marzio គឺ PSG នឹងមិននាំយក Ronaldo មករួមក្រុមឡើយ ពីព្រោះពួកគេយល់ឃើញថាក្លិបមានកីឡាករនៅប្រព័ន្ធប្រយុទ្ធគ្រប់គ្រាន់ហើយ និង មិនត្រូវការកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើឡើយ៕