ក្លិប PSG ព្រមលក់ Wijnaldum ក្នុងតម្លៃ ២១លានផោន
ក្លិប Paris Saint-Germain បានដាក់តម្លៃខ្លួនចំនួន ២១លានផោន ឬប្រមាណ (២៧លានដុល្លារ) ទៅលើកីឡាករ Georginio Wijnaldum ខណៈអ្នកចាត់ការក្រុម Aston Villa លោក Steven Gerrard កំពុងសម្លឹងចង់បានខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ។

Wijnaldum បានផ្លាស់មកកាន់ក្លិបអ្នកមានបារាំង កាលពីរដូវក្ដៅឆ្នាំមុននេះ ពីក្លិបហង្សក្រហម Liverpool ដោយពុំមានតម្លៃខ្លួន ប៉ុន្តែត្រូវបានគេរាយការណ៍មកថា រូបគេពុំសូវសប្បាយចិត្តនៅទឹកដីប៉ារីស ប៉ុន្មានទេ ដោយចង់ត្រឡបទៅលេងនៅ Premier League វិញ។
ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Sport ក្លិប PSG ក៏មិនចង់រក្សាទុក Wijnaldum ដែរ ដោយបើកទទួលសំណើ ក្នុងការលក់រូបគេ ក្នុងតម្លៃ២១លានផោន។
គួររម្លឹកដែរថា ចាប់តាំងពីមកដល់ PSG ខ្សែបម្រើសញ្ជាតិហូឡង់ បង្ហាញខ្លួនសរុបបាន២៨ប្រកួត ក្នុងនោះគេរកបាន៣គ្រាប់ ហើយសម្រាប់កុងត្រាបច្ចុប្បន្នរបស់រូបគេជាមួយក្លិបយក្សបារាំង គឺមានសុពលភាព ដល់ឆ្នាំ២០២៤ ៕