ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមដាក់សំណើ១៧លានផោន (ឬប្រមាណ២០លានដុល្លារ) ទៅកាន់ក្លិប Barcelona ដើម្បីផ្ទេរយកខ្សែប្រយុទ្ធ Memphis Depay នៅទីផ្សារដោះដូររដូវក្ដៅនេះ ។

Memphis Depay
Memphis Depay

Depay បានឈានមកដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់គាត់ នៅទឹកដី Camp Nou ហើយរូបគេក៏មានដំណឹងលេចឮ ថាអាចនឹងចែកផ្លូវជាមួយក្លិបនៅរដូវក្ដៅនេះដោយអ្នកចាត់ការលោក Xavi Hernandez ចង់រុះរើសម្រួចតំបន់ប្រយុទ្ធ ក៏ដូចជាក្លិបត្រូវការប្រាក់ពីការលក់កីឡាករ។

ហើយបើយោងតាមអ្នកកាសែតកីឡា លោក Ekrem Konur បានឲ្យដឹងថា អ្នកចាត់ការក្លិប Tottenham លោក Antonio Conte បានកំណត់យក Depay ជាគោលដៅនាំចូលក្នុងតំបន់ប្រយុទ្ធ។

គួររម្លឹកដែរថា Depay បានផ្លាស់មកចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃខ្លួន ពិក្លិប Olympique Lyon នៅរដូវក្ដៅឆ្នាំមុន។ ខ្សែប្រយុទ្ធ​វ័យ២៨ឆ្នាំ រកបាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង ក្នុងចំណោមការបង្ហាញខ្លួន៣៨ប្រកួត គ្រប់កម្មវិធីទាំងអស់នៅរដូវកាលមុន៕